(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា មិនបានបន្ទោសកូនក្រុមឡើយ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់មិញ ផ្ទុយទៅវិញ លោកបានប្ដេជ្ញាចិត្តជួយកីឡាករកម្ពុជាកាន់តែខ្លាំង ដើម្បីឈានទៅសម្រេចគោលដៅក្នុងអាជីព និងរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត Honda បាននិយាយថា «ខ្ញុំចូលចិត្តបរិយាកាសបែបនេះ ក្នុងនាមខ្ញុំជាអ្នកចាត់ការទូទៅ ខ្ញុំពិតជាចូលចិត្តកីឡាករកម្ពុជា។ តែអ្វីដែលខ្ញុំចូលចិត្តជាងគេ គឺកីឡាករទាំងអស់ ចង់ជោគជ័យក្នុងអាជីពរបស់ពួកគាត់ ហើយខ្ញុំចង់គាំទ្រ និងជំរុញពួកគាត់ឲ្យសម្រេចគោលដៅជោគជ័យក្នុងអាជីពដូចគ្នា។ សម្រាប់ថ្ងៃនេះ ទោះបីយើងចាញ់ តែបើអ្នកទាំងអស់គ្នាមើលទៅ ៣០នាទីដំបូងពិតជាអស្ចារ្យនូវការលេងរបស់គាត់ ហើយកីឡាករម្នាក់ៗ បានព្យាយាមបង្ហាញទៅតាមអ្វីដែលខ្ញុំបានបង្ហាត់ ១សប្ដាហ៍កន្លងទៅ យ៉ាងពិតប្រាកដមែន»

ការលើកឡើងបែបនេះ ដោយសារលោកមើលឃើញការតស៊ូដល់នាទីចុងក្រោយ របស់កីឡាករកម្ពុជា បន្ទាប់ពីពួកគេធ្វើបានយ៉ាងល្អនៅពាក់កណ្ដាលតង់ទី១។ លោកបន្ថែមថា «រាល់ពេលចាញ់ យើងតែងស្វែងរកចំណុចខ្សោយ ឬរកហេតុផល ហេតុអ្វីយើងចាញ់? តែពេលនេះខ្ញុំចង់និយាយពីចំណុចខ្លាំងរបស់កម្ពុជាច្រើនជាង ពីព្រោះក្នុងការប្រកួតនេះ យើងអាចបង្ហាញដល់អ្នកទាំងអស់គ្នា នូវអ្វីដែលយើងចង់លេង ប្រាកដណាស់ ៣០នាទីដំបូង គឺយើងធ្វើបានល្អមែនទែន ប៉ុន្ដែយើងត្រូវកែតម្រូវឲ្យច្រើនជាងនេះ ព្រោះបាល់ទាត់ គឺលេង ៩០នាទី មិនមែនលេង ៣០នាទីនោះទេ»

យ៉ាងណាមិញកីឡាករទើបចុះកុងត្រាជាមួយក្លឹប Melbourne របស់អូស្ដ្រាលី បានទទួលស្គាល់កីឡាករកម្ពុជា នៅតែមានបញ្ហាកម្លាំង តែលោកនៅតែលើទឹកចិត្ត ដោយសំអាងថា គ្មានអ្នកណាអាចរត់បាន ៩០នាទីនោះទេ។ លោកថា «ពិតប្រាកដណាស់ កម្លាំងនៅតែជាបញ្ហា។ ប៉ុន្ដែខ្ញុំគិតថា គ្មាននណាម្នាក់ អាចរត់ ៩០នាទីល្អឥតខ្ចោះនោះទេ ខ្ញុំមិនធ្លាប់ជួប ទោះបីជាកម្រិតខ្ពស់ដូចជាកីឡាករប្រេស៊ីលក៏ដោយ។ ដូច្នេះអ្វីដែលយើងត្រូវគិត គឺយើងត្រូវស្វែងរកវិធីយ៉ាងម៉េច ដើម្បីលេងល្អ ពេលយើងហត់នឿយ ដែលយើងត្រូវស្វែងរកដំណោះស្រាយ ហើយខ្ញុំនៅតែព្យាយាមបន្ដ និងដោះស្រាយបញ្ហានេះ»

គួរបញ្ជាក់ថា នេះគឺជាប្រកួតដំបូង ដែលលោក Honda បានដឹកនាំក្រុមជម្រើជាតិកម្ពុជា ក្រោយសហព័ន្ធប្រកាសតែងតាំងលោកជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹក។ ប៉ុន្ដែក្រុមទាំងពីរ នឹងត្រូវជួបគ្នាម្ដងទៀត ក្នុងជំនួបផ្លូវការពានរង្វាន់ AFF Suzuki Cup 2018 នាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ។ លើសពីនេះ ពីក្រុមរហស្សនាមគោព្រៃកម្ពុជា ក៏មានប្រកួតមិត្តភាពអន្ដរជាតិក្នុងដី ២ប្រកួតទៀត ដើម្បីត្រៀមពានប្រចាំតំបន់នេះដែរ ពោលគឺជួបទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជួបសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ៕