(ភ្នំពេញ)៖ ​ លោក ពៅ គីសាន ហៅនាយ ​ឆើត ដែលអំឡុងមួយរយៈពេលចុងក្រោយនេះ នាយហាក់ដូចជាមានយីអ៊ុន មិនល្អសោះ​ ខណៈដែលស្ថានភាពជំងឺ មិនទាន់មានសភាពធូស្រាលផង ក៏ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនចូលសង្គ្រោះនៅមន្ទីរពេទ្យ។

លោក ហេង ឡុង ដែលជាគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបព័ត៌មានមកថា ពិតជាអាណិតខ្លាំងណាស់ លោក ពៅ គីសាន ​(នាយ ឆើត) មិនទាន់ជាពីជំងឺផង ឥឡូវក៏ត្រូវចូលសម្រាកពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨។ គាត់បាន​បាក់ឆ្អឹងដងកាំបិត និងឆ្អឹងជំនីចំនួន៥។

លោក ហេង ឡុង បញ្ជាក់​ថា គ្រាន់តែឮដំណឹងភ្លាម សមាគមសិល្បករខ្មែរ បានចាត់តំណាងយកថវិកា ដែលជា​មូលនិធិសិល្បករចាស់ជរា យកប្រគល់ជូនគ្រួសាររបស់គាត់ ដើម្បីសម្រាលក្នុងការចំណាយ។ រាល់ការចំណាយ​សមាគមសិល្បករខ្មែរ និង​សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA ជាអ្នករ៉ាប់រង។ បច្ចុប្បន្ននាយ ​ឆើត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈមានការយកចិត្តទុក្ខជួយសង្គ្រោះ ផងដែរ។

លោក ហេង ឡុង បានលើកឡើងទៀតថា «សមាគមក៏សូមគោរពថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ មូលនិធិសិល្បករចាស់ជរា ជាពិសេសសូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា ក្នុងរយ:ពេល ៥ឆ្នាំ»

បន្ថែមពីលើនេះលោក ហេង ឡុង និយាយថា សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ ឲ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕