(ភ្នំពេញ)៖ មិននឹកស្មានថា កំពូលតារាចម្រៀងខ្មែរដ៏ល្បីល្បាញមួយដួង ក្នុងទស្សវត្សរ៍ ៩០ លោក នូ ស៊ិប គឺជាម្ចាស់បទ (ផ្ការោយមុនរដូវ ) ដែលជាបទចម្រៀងបានចាក់បញ្ចូល ក្នុងខ្សែភាពយន្តភាគខ្នាតវែងដ៏ល្បីល្បាញបំផុតរបស់ចិន គឺរឿង (តុលាការមុខដែក រឺ ប៉ាវចិន) គឺជារឿងភាគដ៏ពេញនិយម នឹងវាយលុកយ៉ាងខ្លាំងទូទាំង ទ្វីបអាស៊ីកាលពីទសវត្សរ៍ ៩០ បានធ្លាក់ខ្លួនដុនដាប រហូតគ្មានផ្ទះសម្បែងផ្ទាល់ខ្លួន សម្រាប់រស់នៅ។ យ៉ាងណាមិញ សិល្បករជើងចាស់ ដ៏មានទេពកោសល្យ ដែលត្រូវបានអ្នកសិល្បៈជំនាន់ក្រោយ តែងតែហៅថា លោកគ្រូ នូ ស៊ិប នោះ បន្ទាប់ពីមួយរយៈធំមកនេះ លោកកំពុងតែមានជីវភាពខ្វះខាតលំបាក ដោយបច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួល ដែលស្ថិតនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងមានជំងឺប្រចាំកាយផងនោះ លោកគ្រូ ជានិច្ចកាលតែងតែត្រូវបានគេសង្កេតឃើញថា មានសិល្បករ-សិល្បការិនី បានយកជំនួយផ្សេងៗទៅជួយ ដើម្បីសម្រាលទុកលំបាកមួយគ្រា ខណៈថ្មីៗនេះ លោកត្រូវបានអភិបាលខណ្ឌមានជ័យ ផ្តល់ជំនួយជាថវិកាមួយចំនួន ដល់លោក ពេលកំពុងលំបាកខ្លាំង។
បើយោងតាម ផេកហ្វេសប៊ុក របស់ Movie Star Research ដែលមានអ្នកស្រី ស៊ិន ឧត្ដមផល្លា ជាម្ចាស់ផ្ទាល់ បានរៀបរាប់ពីជីវិតដ៏ជូរចត់ របស់ តារាចម្រៀងជើងចាស់ លោក នូ ស៊ិប ថា «បច្ចុប្បន្ននេះលោក នូ ស៊ីប គ្មានផ្ទះផ្ទាល់ខ្លួនទេ គឺលោករស់នៅផ្ទះជួលគេតម្លៃក្នុងមួយខែ ៥០ដុល្លារ សព្វថ្ងៃនេះលោកមានវ័យ ៧២ឆ្នាំ រីឯការរស់នៅរបស់លោក ហាក់ដូចជាមានសភាពតែលតោល គឺរស់មួយថ្ងៃដើម្បីមួយថ្ងៃ»។
គួរបញ្ជាក់ផងដែរថា លោក នូ ស៊ីប បានចាប់អាជីពជាតារាចម្រៀង តាំងពីមុនរបបប្រល័យពូជសាសន៍ប៉ុលពត ហើយលោកក៏នៅតែបន្តអាជីពជាតារាចម្រៀងរហូតមកដល់បច្ចុប្បន្ននេះ លោក នូ ស៊ិប ក៏មិនមានមុខរបររកស៊ីអ្វីផ្សេងក្រៅពីសិល្បៈនេះទេ រាល់ថ្ងៃនេះលោកតែងតែទៅច្រៀងនៅហាងមួយរាល់ពេលរាត្រី ដោយទទួលបានប្រាក់កម្រៃតិចតួចប៉ុណ្ណោះ ព្រោះបច្ចុប្បន្ននេះគេគ្រប់គ្នាហាក់ដូចជាមិនផ្តល់តម្លៃ ដល់សិល្បករជើងចាស់ឡើយ ប៉ុន្តែជាអកុសល ឥឡូវហាងដែលគាត់កំពុងតែច្រៀង ក៏ត្រូវបានបិទទៀត ដូច្នេះលោកគ្មានប្រាក់ផ្គត់ផ្គង់ជីវភាពរបស់ខ្លួន និងដើម្បីបង់ថ្លៃផ្ទះទេ។
អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្តទៀតថា «លោក នូ ស៊ីប បានរាយការណ៍មកកាន់ Movie Star Research ថាគោលបំណងចុងក្រោយរបស់លោក គឺលោកចង់បានផ្ទះមួយផ្ទាល់ខ្លួន មិនថាផ្ទះនោះតូចប៉ុណ្ណាក៏ដោយ គឺលោកស្លាប់ទៅបិទភ្នែកជិតហើយ ព្រោះសព្វថ្ងៃនេះ សុខភាពរបស់លោកក៏មិនសូវអំណោយផលដែរ។ ដូច្នេះនាងខ្ញុំ ស៊ិន ឧត្ដមផល្លា ដែលជាម្ចាស់ផេក Movie Star research សូមអំពាវនាវដល់បងប្អូនតាមបណ្ដាស្ថានីយ៍ទូរទស្សន៍នានា មេត្តាផ្តល់កិត្តិយសដល់លោក នូ ស៊ិប បានឡើងឆាកច្រៀង ដើម្បីបានប្រាក់កម្រៃគ្រាន់ដោះស្រាយជីវភាព ដើម្បីផ្តល់ជាកំលាំងចិត្តដល់លោកក្នុងការរស់នៅបន្ត មើលពិភពលោកនេះទាន់លោកនៅមានជីវិតផង នឹងសូមអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយផ្តល់ជាថវិកាទៅតាមសុទ្ធារៀងៗខ្លួន ដើម្បីសម្រេចគោលបំណងចុងក្រោយរបស់លោកផង តាមរយៈលេខទូរស័ព្ទផ្ទាល់របស់លោក៖ ០១២ ៩៥ ៨០ ៥៤»។