(ភ្នំពេញ)៖ អ្នកមេម៉ាយចាងរាង សាច់សខ្ចីគ្មានកូន១គឺតារាចម្រៀង សុខ ស្រីនាង ត្រូវបានលោកថៅកែហង្សមាស ពេញចិត្តពេញថ្លើម នូវទេពកោសល្យសម្តែងកុនរបស់នាង រហូតទម្លាក់ឲ្យធ្វើជាតួឯកជាប់ៗគ្នា ខណៈដែល ស្រីនាង មានរូបសម្រស់កាន់តែប្លែកទៅៗ មិនចាញ់កាលនៅក្រមុំនោះឡើយ។ នាងបានប្រឹងវិវឌ្ឍន៍ខ្លួន ពីការធ្លាប់តែច្រៀងបែបស្រគត់ស្រគំ មកជាលេងក្បាច់រាំ និងមានក្រុមរាំអមអាជីព ដូចតារាល្បីៗផ្សេងៗ ទៀតដែរ។
យ៉ាងណាមិញ បន្ទាប់ពីឆក់បានតំណែងតួឯក២រឿងជាប់គ្នា គឺរឿង «រាជិនីភូមិគ្រឹះ» និងរឿង «ខ្ញុំមានញាណលើស» របស់ក្រុមហ៊ុនហង្សមាស ព្រមទាំងល្បីបាន១បទ «ហត់ទេស្រលាញ់គេម្នាក់ឯង?» នោះ ទីបំផុត អតីតតារាចម្រៀងផលិតកម្ម KH និងសាន់ដេ នេះ បានទាមទារឡើងតម្លៃខ្លួន ទាំងច្រៀង Concert ធំៗ និងតាមប៉ុស្តិ៍ទូរទស្សន៍ នេះបើតាមអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រី ទាំងឡាយបានបង្ហើបប្រាប់ឲ្យដឹង កាលពីពេលថ្មីៗនេះ។
ព័ត៌មានពីអ្នកសិល្បៈដូចគ្នា បានឲ្យដឹងថា ការច្រៀង Concert ធំៗ អ្នកមេម៉ាយវ័យក្មេងសាច់សខ្ចីរូបនេះ ឡើងថ្លៃពី ១០០០ ទៅ ១៥០០ដុល្លារ ចំណែការច្រៀងតាមប៉ុស្តិ៍វិញ ១កម្មវិធីស៊ីថ្លៃ ៥០០ដុល្លារ ដែលផ្ទុយពីការកំណត់របស់សមាគមទូរទស្សន៍ ធ្លាប់ចែងថា តារាល្បីប៉ុនណាក៏មិនឲ្យយកថ្លៃលើសពី ១០០ដុល្លារ សម្រាប់ការច្រៀងតាមទូរទស្សន៍នោះដែរ។
អ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួនតាមប៉ុស្តិ៍ទូរទស្សន៍ បានថ្ងូរថា ពួកគេឈឺក្បាល ដោយសារតែអ្នកមេម៉ាយ សុខ ស្រីនាង ទារឡើងថ្លៃ១គុណជា២នេះ។ តែយ៉ាងណាមិនមែនតែស្រីនាងម្នាក់នោះទេ គឺឲ្យតែតារាល្បីៗនៅឆ្នាំ២០១៨នេះ ណាត់គ្នាទារឡើងថ្លៃទាំងអស់គ្នាតែម្ដង។ ប៉ុន្តែ អ្នកជំនាញសិល្បៈបានឲ្យដឹងថា ស្រីនាង មិនអាចធ្វើព្យុះភ្លៀងនៅហង្សមាស ជាមួយតារាចម្រៀងខ្លាំងៗដូចជា ឱក សុគន្ធកញ្ញា, ពេជ្រ សោភា ឬសួស វីសា បានឡើយ ព្រោះថា សមត្ថភាពនាងច្រៀងមធ្យម ហើយមិនអាចប្រើប្រាស់សំឡេងច្រៀងបទណាមានតុងខ្ពស់ៗបាននោះទេ។
សូមរំឭកថា សុខ ស្រីនាង បានដើរចេញពីផលិតកម្ម សាន់ដេ ចូលទៅផ្ញើប្រាណជាមួយទ្រនំធំហង្សមាស ដែលប្រជុំទៅដោយតារាខ្លាំងៗ ជាច្រើនដួង។ ហង្សមាស បានធ្វើឲ្យស្រីនាង លោតឡើងវិញបន្តិច តាមរយៈការបោះបទឲ្យច្រៀង «ហត់ទេស្រលាញ់គេម្នាក់ឯង?» និងតួឯក២រឿងជាប់គ្នា គឺរឿង «រាជិនីភូមិគ្រឹះ» និងរឿង «ខ្ញុំមានញាណលើស»៕