(ភ្នំពេញ)៖ គេនៅចាំបានថា នាអំឡុងពេលនោះដែរ គឺលោក តាន់ គឹមសួរ និងអាចារ្យ ធំ ក៏បានគ្រងនូវឈុតសម្លៀកបំពាក់ ទម្រង់ល្ខោនខោល ដោយម្នាក់ដើរតួជាតួអង្គរសត្វស្វា និងម្នាក់ទៀតជាយក្ស ហើយបានជិះស៊ីក្លូ ក្រវែលពេញកណ្តាលទីក្រុងភ្នំពេញ ។ មិនតែប៉ុណ្ណោះអ្នកទាំងពីរក៏បានធ្វើដំណើរ ទៅខាងមុខព្រះបរមរាជរាំង តាមរយៈការលុតអង្គុងលើកដៃសំពះ អង្វរ សុំឲ្យមហាជនខ្មែរគ្រប់មជ្ឈដ្ឋាន ចូលរួមលើកស្ទួយ និងអភិរក្សដល់ល្ខោនខោល ខ្មែរទៀតផង។
ចំពោះទង្វើរ របស់អ្នកទាំងពីរលោក តាន់ គឹមសួរ និងអាចារ្យ ធំ កាលនោះ គឺមានមតិពីរផ្សេងគ្នា បានលើកឡើង ដោយមានមហាជនមួយចំនួន លើកសរសើរពីសកម្មភាពបំផុសស្មារតី ដល់ប្រជាពលរដ្ឋខ្មែរទាក់ទងវិស័យសិល្បៈល្ខោនខោល។ ចំណែកឯមតិផ្ទុយពីនេះ គឺមានទស្សនៈមួយចំនួនទៀត បានធ្វើការរិះគន់ និងបង្ហាញការមិនពេញចិត្ត លើទង្វើរលោក តាន់ គឹមសួរ និងអាចារ្យ ធំ ថា ការធ្វើដូច្នេះនាំឲ្យប៉ះពាល់ ដល់តម្លៃវប្បធម៌ជាតិ (ល្ខោនខោល) និងហាក់កំពុងមើលងាយល្ខោនខោលខ្លួនឯង។
ដើម្បីស្រាយចម្ងល់ និងបញ្ជាក់ពីចេតនាពិតរបស់ខ្លួន រួមនឹងក្រុមការងារមានអាចារ្យ ធំ ផងនោះ លោក តាន់ គឹមសួរ មុននេះបន្តិចបានបញ្ចេញនូវវីដេអូទាក់ទង ពីល្ខោនខោលភ្ជាប់ជាមួយសំណេរ លើកឡើងថា «តាមពិតទៅ UNESCO បានសម្រេចដាក់ល្ខោនខោលខ្មែរយើង ចូលជាបេតិភណ្ឌពិភពលោករួចបាត់ទៅហើយពួកយើងគ្រាន់តែឆ្លៀតយកឱកាសល្អនេះ ដើម្បីបំផុសបន្ថែមឲ្យកូនខ្មែរយើងចេះ ឲ្យតម្លៃនិងស្តាយស្រណោះ ចំពោះសម្បត្តិដូនតា ដែលបន្សល់ទុកឲ្យតែប៉ុណ្ណោះ»។ ក៏ប៉ុន្តែយើងមិនដឹងថាតើលោកបានព័ត៍មានថា «UNESCO បានសម្រេចដាក់ល្ខោនខោលខ្មែរយើង ចូលជាបេតិភណ្ឌពិភពលោករួចបាត់ទៅហើយ» មកពីខាងណានោះទេ?
លោក តាន់ គឹមសួរ បានបន្ថែមថា «ខុសទាស់យ៉ាងណា អាចដាក់ទោសខ្ញុំ Tan Kimsour ជាអ្នកផ្តើមគំនិត និង អាចារ្យ ធំ នគររាជ បានទៅតាមផ្លូវច្បាប់ ពីបទប្រមាថមើលងាយវប្បធម៌ខ្មែរ ពួកយើងនឹងចូលខ្លួន ដើម្បីប្រឈមមុខជាមួយច្បាប់ ដោយក្តីពេញចិត្តអ្នកផ្សេង គឺគ្មានការពាក់ព័ន្ធដាច់ខាត។ សូមអរគុណយ៉ាងខ្លាំង ចំពោះបងស្រី Chanlakhena Chorn និង លោក ប៉ែន ចំរ៉ុង ដែលផ្តល់កិត្តិយស ដ៏មានតម្លៃចូលរួម»៕