(កូរ៉េ)៖ ថ្មីៗនេះលេចឮដំណឹងចចាមអារ៉ាមដែលបានអះអាងថា តារាសម្តែងស្រី Koo Hara បានព្យាយាមធ្វើអត្តឃាតដោយ ការប្រើថ្នាំលើសកម្រិត។ ដំណឹងនេះបានចែករំលែកបន្តពីមួយទៅមួយ តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការចុះផ្សាយថា Koo Hara ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយនៅសេអ៊ូល បន្ទាប់ពីនាងលេបថ្នាំសម្លាប់ខ្លួន។

នៅពេលដែលមន្ទីរពេទ្យចេញសេចក្តីថ្លែងការណ៍មិនច្បាស់លាស់ ពីដំណឹងនេះកាន់តែធ្វើឲ្យ​មានការនិយាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមប្រព័ន្ធអ៊ីនធឺណេតដោយខាងគ្រូពេទ្យថា យើងពិបាកបញ្ជាក់ថា តើតារាស្រីរូបនេះចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យដោយការធ្វើអត្តឃាតឬមូលហេតុផ្សេងទៀត។

Content Y ភ្នាក់ងាររបស់ Koo Hara បានឆ្លើយតបថា ពាក្យ ចចាមអារ៉ាមនេះមិនពិតទេ។ នាងត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យមែន ប៉ុន្តែព្រោះតែបញ្ហាសុខភាពមិនមែនដោយសារ ករណីប៉ុនប៉ងសម្លាប់ខ្លួនឡើយហើយពេលនេះ Hara ក៏មិនធ្ងន់ធ្ងរដែរ។ ភ្នាក់ងារបានបន្តថា Hara មានអាការៈដេកមិនលក់ និងជួបបញ្ហាប្រព័ន្ធរំលាយអាហារជាយូរមកហើយ បន្ទាប់ពីប្រើថ្នាំតាមវេជ្ជបញ្ជាមកនាងមានអាការៈមិនស្រួល ក៏បានទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពឡើងវិញ។

បច្ចុប្បន្ននាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ Content Y ស្នើឲ្យគ្រប់គ្នាបញ្ឈប់​ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះតទៅទៀត ព្រោះមិនត្រឹមតែធ្វើឲ្យ Hara រងការឈឺចាប់ទេ វាអាចធ្វើឲ្យមានផលប៉ះពាល់ ដល់រូបនាងនិងមនុស្សពាក់ព័ន្ធ ថែមទៀត៕