(ភ្នំពេញ)៖ ខណៈដែលប្រទេសជប៉ុន កំពុងតែជួបគ្រោះធម្មជាតិ ដោយខ្យល់ព្យុះដ៏ខ្លាំងបំផុតមួយឈ្មោះ «Jebi» មិនធ្លាប់មានក្នុងអំឡុងពេល ២៥ឆ្នាំកន្លងមកនេះ ក្នុងប្រវត្តិសាស្ត្រជប៉ុនបានវាយបោកបក់ បណ្តាលឲ្យរងការខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធ អាយុជីវិតមនុស្សជាច្រើនត្រូវបាត់បង់ និងត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងយ៉ាងដំណំ។ យ៉ាងណាមិញ ក្រោយឃើញនូវហេតុការណ៍ ដ៏អាក្រក់នេះហើយ តារាចម្រៀងល្បីឈ្មោះ លោក ណុប បាយ៉ារិទ្ធ ក៏បានសម្តែងការសោកស្តាយ ក្រោយពីបានដឹងឮ នូវព័ត៌មានអកុសលបែបនេះ ព្រមទាំងបានបួងសួង សុំឲ្យប្រទេសមួយនេះ ផុតពីគ្រោះធម្មជាតិ ដល់អាក្រក់នេះ។
ជាក់ស្ដែង លោក ណុប បាយ៉ារិទ្ធ បានធ្វើការអធិដ្ឋានចំពោះប្រជាជនជប៉ុន ដែលកំពុងជួបវិបត្តិ គ្រោះធម្មជាតិ ដោយបានសរសេរបង្ហោះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់ខ្លួន យ៉ាងដូច្នេះថា «សូមបួងសួង សូមឲ្យប្រទេសជប៉ុនបានសុខសាន្ត ជៀសផុតពីទុក្ខភ័យ ដោយការយាយីពីគ្រោះធម្មជាតិ និងសូមឲ្យប្រជាជនជប៉ុន មានសុវត្ថិភាព ជៀសផុតពីគ្រោះធម្មជាតិនានា។ ចូលរួមជាកំលាំងចិត្ត និងការបន់ស្រន់ដោយក្តីស្រឡាញ់ពីចំងាយ ពរពីខ្ញុំ មនុស្សម្នាក់ក្នុងចំណោមពរពីប្រជាជនកម្ពុជាជាច្រើន ដែលជួយបន់ស្រន់ដល់ប្រទេសជប៉ុន»។
គួរបញ្ជាក់ថា កាលពីមួយរយៈកន្លងទៅ ប្រទេសជប៉ុនតែងតែបានជួបនូវគ្រោះធម្មជាតិ ដ៏អាក្រក់ផ្សេងៗ ជាពិសេសនោះ គឺគ្រោះទឹកជំនន់ ដែលធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈជីវិតមនុស្សរាប់រយលាននាក់ ត្រូវបានស្លាប់។ជាពិសេសនោះ តារាចម្រៀងលោក ណុប បាយ៉ាងរិទ្ធ កំពុងតែធ្វើការបួងសួង សុំឲ្យប្រទេសនេះរួចផុតពីគ្រោះធម្មជាតិ ដ៏កាចសាហាវមួយនេះ ផងដែរ៕