(ម៉ូស្គូ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Claudio Marchisio បន្ទាប់ពីបានរួមរស់ជាមួយក្លឹប Juventus អស់រយៈពេល ២៥ឆ្នាំ នៅពេលនេះបានប្តូរទៅកាន់ក្លឹប Zenit St. Petersburg នៃលីគកំពូលរុស្ស៊ី Russian-Premier League ក្នុងកិច្ចសន្យា ២ឆ្នាំ នាថ្ងៃទី៣ ខែសីហា ឆ្នំា២០១៨។
បុរសវ័យ ៣២ឆ្នាំ Marchisio បានចាកចេញពីក្លឹបសេះបង្កង់ Juventus ក្រោយពីលេងបាន ៣៨៩ប្រកួតនិងបានលើកពាន Serie A ៧ដង ពាន Coppa Italia ៤ដង ដែលមានមូលដ្ឋាននៅទីក្រុងតូរីន ប្រទេសអីតាលី។
Marchisio បានអះអាងថា ក្រោយចេញពីក្លឹបសេះបង្កង់ Juventus រូបគេនឹងមិនមកលេងឲ្យក្លឹបអ៊ីតាលី ដទៃឡើយ តែគេនៅតែរកក្លឹបល្អណាមួយនៅក្នុងតំបន់អឺរ៉ុប ដើម្បីលេងបន្ត ខណៈរូបគេបានលើកឡើងថា ចូលចិត្តក្លឹបថ្មី Zenit ដែលមានមហិច្ឆតាខ្ពស់ក្នុងការដណ្តើមពាន។
សូមបញ្ជាក់ផងដែរថា កីឡាករជម្រើសជាតិអ៊ីតាលីរូបនេះ បានរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីខែមេសា ឆ្នាំ២០១៦ ដែលធ្វើឱ្យគេអវត្តមានដល់ទៅកន្លះឆ្នាំ ទើបអាចចូលលេងបានតែ ២០ប្រកួតប៉ុណ្ណោះឲ្យ Juventus រដូវកាលមុនឆ្នាំ២០១៧-២០១៨៕