(ភ្នំពេញ)៖ ខណៈដែលការប្រកួតបាល់ទាត់ស្ថិតនៅក្រោមដំណក់ទឹកភ្លៀង នារាត្រីថ្ងៃទី៥ កក្កដា រវាងក្រុមបាល់ទាត់ «មហាហង្ស» និង «ក្រុម Man U Khmer» មានភាពស្វិតស្វាញ ដោយប្រជែងដណ្ដើមគ្នាស៊ុតបាល់បញ្ចូលទី គេសម្គាល់ឃើញថា តារាសម្ដែងលោក ហេង នរៈកក្កដា ត្រូវបានគេមើលឃើញថា មានភាពលេចធ្លោយ៉ាងខ្លាំង ដោយសារតែលោកបានជួយឲ្យក្រុមមហាហង្ស ឈ្នះយ៉ាងលើសលប់លើក្រុមគូប្រកួត ដល់ទៅលទ្ធផល ៧-០។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺលោកតែម្នាក់ឯង រកបានរហូតដល់ទៅ ៥គ្រាប់ឯណោះ ដែលជួយឲ្យក្រុមមហាហង្សកើនគ្រាប់ឈ្នះមិនធម្មតា ក្រោយបញ្ចប់រយៈពេល៩០នាទី។
ការប្រកួតដែលបានធ្វើឡើងនៅក្នុងទីលានបាល់ទាត់វេសស្ទើននេះ បានធ្វើឲ្យម្នាក់ៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកគាំទ្រក្រុមបាល់ទាត់មហាហង្សទាំងមូល ដោយចាប់តាំងពីក្រុម ដែលប្រមូលផ្ដុំដោយតារាសិល្បៈយ៉ាងកុះករមួយនេះលេចរូបរាងឡើងមក គេសម្គាល់ឃើញថា ក្រុមមហាហង្ស ប្រកួតបានឈ្នះច្រើនជាងបរាជ័យ តាំងពីបានបង្ហាញខ្លួន រហូតបានក្លាយជាក្រុមល្បីឈ្មោះមួយក្នុងពិភពបាល់ទាត់ ក្នុងកម្រិតមិនមែនអាជីព និង ពាក់កណ្ដាលអាជីព។ ក្រុមមួយនេះកាន់តែមានឈ្មោះបោះសំឡេងច្រើនឡើងបន្ថែមទៀត ក្រោយពេលអាចប្រមូលបានសមាជិក សុទ្ធសឹងតែជាតារានៅក្នុងពិភពសិល្បៈល្បីៗ ដោយតារាទាំងនោះ ក្រៅពីមានកេរ្តិ៍ឈ្មោះផ្នែកកំប្លែង ចម្រៀង សម្ដែង និងពិធីករ ក៏មានថ្វីជើងលេងបាល់បានយ៉ាងល្អផងដែរ។
ក្រុមសមាជិកបាល់ទាត់មហាហង្សមានដូចជា លោក ហេង នរៈកក្កដា, លោកលឹម ជាឡាយ, លោក ភឹម តារាវិបុល, នាយ ចឺម, នាយគ្រឿន, លោក សេង នរៈមង្គល, និងតារាល្បីៗជាច្រើនរូបទៀត។ លោក ហេង នរៈកក្កដា ដែលជាខ្សែប្រយុទ្ធដ៏ខ្លាំងប្រចាំក្រុម ត្រូវបានគេចាត់ទុកថាជា Super Star ក្នុងក្រុម ដោយសារលោករមែងជួយឲ្យក្រុមមហាហង្ស រកបានគ្រាប់បាល់ជាប្រចាំស្ទើរតែគ្រប់ការប្រកួត។ លោកកាន់តែត្រូវតែបានក្រុមទាំងមូលអបអរសារទរ និងទទួលស្គាល់សមត្ថភាពខ្លាំងឡើងថែមទៀត បន្ទាប់ពីអាចរកបាន ៥គ្រាប់ ម្នាក់ឯង និងបានបិទក្រុម Man U Khmer មិនឲ្យរកបាន សូម្បីតែមួយគ្រាប់កាលពីថ្ងៃទី៥ កញ្ញា កន្លងទៅ។
ក្នុងតង់ទី១ លោក ហេង នរៈកក្កដា រកបាន៣គ្រាប់ ខណៈដែលតង់ទី២ លោករកបាន២គ្រាប់បន្ថែមទៀត ដែលចំនួនគ្រប់ទាំងនោះជួយឲ្យ ក្រុមមហាហង្ស សង្គ្រប់បានដល់៧គ្រាប់ ឈ្នះលប់លើក្រុមគូប្រកួត Man U Khmer។ យ៉ាងណាមិញ គេមិនមិនទាន់ដឹងថា តើតារាសម្ដែងរូបនេះ មានបំណងចង់ប្ដូរអាជីពពីតារាសម្ដែងទៅជា កីឡាបាល់ទាត់អាជីព ឬយ៉ាងណានោះទេ បើទោះបីជា តាំងពីបានប្រឡូកក្នុងក្រុមបាល់ទាត់មហាហង្ស គឺលោកបង្ហាញទម្រង់លេងបានល្អ មិនចាញ់កីឡាករវ័យក្មេងអាជីពៗក៏ដោយ។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញនោះ គេឃើញវត្តមានតារាសម្ដែងល្បីៗបង្ហាញខ្លួនដូចជា លោក មូល សារ៉ាវ៉ាន់, ពិធីករ PNN លោកភឹម តារាវិបុល, និងតារាជាច្រើនរូបទៀត ក្រៅពីលោក ហេង នរៈកក្កដា ដែលអាចរកបាន៥គ្រាប់ម្នាក់ឯង។ ជំនួបប្រកួតដែលបានធ្វើឡើងនេះ គឺបន្ទាប់ពីតារាសម្ដែង និងក្រុមផលិតករភាគច្រើន បានបញ្ចប់ការសម្ដែងភាពយន្តរឿង «ព្រលឹង» ដែលត្រៀមដាក់បញ្ចាំងគ្រប់រោងកុនក្នុងពេលខាងមុខ ដែលជ័យជម្នះ ៧-០ ក៏មិនខុសពីអបអរនៃខ្សែភាពយន្តនេះ ត្រូវបានថតបញ្ចប់ផងដែរ៕