(ភ្នំពេញ)៖ ​តារា​សម្ដែង អៀ ម៉េង​លិ ហៅ​អូន​​ម៉ី មួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា នាងហាក់ស្ងប់ស្ងាត់​ជាមួយនឹងការងារសិល្បៈ ខណៈសម្រុកទៅពង្រីកមុខជំនួញថ្មី​។ យ៉ាងណាមិញ បើក្រឡេកទៅមើលពី ជិវិតស្នេហា​របស់តារាស្រីដួងនេះវិញ គឺនាងហាក់ មានភាពផ្អែមល្អែម ជាមួយនឹង​សង្សារ​ជា​និស្សិត ​កំពុង​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ដោយ​បាន​ស្រឡាញ់​គ្នា ​អស់​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​។

ជាការពិតណាស់ តួ​ឯក​ក្នុង​រឿង​ «មរតក​បេះ​ដួង​» ​កញ្ញា អៀរ ម៉េងលិ ឲ្យដឹងថា គូ​ស្នេហ៍​របស់​ខ្លួន​​ ថ្វី​ត្បិត​មាន​វ័យ​ក្មេង​ទើប​២១ឆ្នាំ​​ ពិត​មែន តែ​អត្តចរិត​ល្អ និង​មិន​ដែល​រក​រឿង​ ឈ្លោះ​ប្រច័ណ្ឌ​ឡើយ​ ពេល​ឃើញ​នាង​សម្ដែង​មាន​ឈុត​ស្និទ្ធស្នាល​ជាមួយ​តួ​ប្រុស។

​តារា​ស្រី​និយម​តែង​ខ្លួន​សិច​ស៊ី បានថ្លែងបន្តទៀត​ថា ​អាច​ចាត់​ទុក​ថា ជា​សំណាង​មួយ​សម្រាប់​រូប​នាង​ផ្ទាល់ ព្រោះ​សង្សារ​បណ្ដូល​ចិត្ត​ម្នាក់​នេះ ​ទុក​សិទ្ធិសេរី​ភាព ឲ្យ​តម្លៃ​និង​ផ្ដល់​កិត្តិយស​ ព្រម​ទាំង​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​​នាងណាស់។ ចំពោះ​ការ​សម្ដែង​វិញ រឹត​តែ​មិន​ដែល​រញ៉េរញ៉ៃ​ដាក់​គ្នា​ ព្រោះ​ដឹង​ថា ​នោះ​​គ្រាន់​ជា​ការ​ការងារ​​ប៉ុណ្ណោះ​។ អៀរ ម៉េងលិ ទម្លាយ​ថា​​តាម​ពិត​គូ​ស្នេហ៍​ខ្លួន គ្មាន​រថយន្ត​ ទ្រព្យ​ស្តុក​ស្ដម្ភ​​នោះ​ឡើយ ហើយ​មាន​បុរស​ជា​កូន​អ្នក​មាន​ជា​ច្រើន​តាម​ស្រឡាញ់​ តែ​អូន​ម៉ី​មិន​ខ្វល់​ សុខ​ចិត្ត​ប្រគល់​ក្ដី​ស្រឡាញ់​ឲ្យ​សង្សារ​ម្នាក់​នេះ ក៏​ព្រោះ​អត្ត​ចរិត​ល្អ​បែប​នេះ​ហើយ។ រី​ឯ​ចាស់​ទុំ​ទាំង​សង​ខាង​វិញ ក៏​ពេញ​ចិត្ត​ និង​ដឹង​ឮពី​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ដែ​រ។

​​បើទោះ​ជា​មាន​ការ​ចុះ​សម្រុង​គ្នា​បាន​ល្អ និង​​យល់​ចិត្ត​ថ្លើម​គ្នា​បែប​នេះ​ក្ដី តែ​កញ្ញា អៀរ ម៉េងលិ បានបញ្ជាក់​ថា ​មិន​ទាន់​មាន​គម្រោង​ភ្ជាប់​ពាក្យ​ភ្លាម​ៗ​នោះ​ទេ ដោយ​រង់​ចាំ​មើល​ចិត្ត​គ្នា​បន្ត​ទៀត​សិន។ ​ស្រីស្រស់រូបនេះបានបន្តប្រាប់ទៀត​ថា ​បើ​សិន​ជា​ខ្លួន​ចូល​រោង​ការ​មែន​នោះ ​ប្រហែល​​ជា​​សិល្បៈ​ ត្រូវ​ទុក​ចោល​មួយ​ឡែក​សិន ​ដើម្បី​មាន​ពេល​រៀប​ចំ​ជីវិត​គ្រួសារ​ឲ្យ​បាន​ល្អ។