(ស្វីស)៖ កីឡាករ Kasper Schmeichel អ្នកចាំទីសញ្ជាតិដាណឺម៉ាក និងបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Leicester City ដែលមានកម្ពស់ ១.៩០ម៉ែត្រ វ័យ ៣១ឆ្នាំបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដែលត្រូវបាន FIFA ជ្រើសរើស ដើម្បីដណ្តើមពានរង្វាន់អ្នកចាំទីល្អបំផុតប្រចាំឆ្នាំ២០១៨ (The Best FIFA Goalkeeper) ក្នុងចំណោម៣នាក់ចុងក្រោយជាមួយ Thibaut Courtois និង Hugo Lloris កាលពីពេលថ្មីនេះ។

កំណត់ត្រារបស់ Schmeichel កាលនៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះរួមមាន៖

១៖ សង្គ្រោះការស៊ុតបញ្ជូលទី ពីក្រុមដទៃបាន ៩១% គិតត្រឹមស៊ុតចំគោលដៅ

២៖ សង្គ្រោះបាល់ ១១ម៉ែត្រ (ប៉េណាល់ទី) បាន ៣ដង នៅវគ្គ១៦ក្រុមចុងក្រោយ ពេលប្រកួតជាមួយក្រូអាត ដែលជាក្រុមរងជើងឯក World Cup។

៣៖ បានបង្កើតកំណត់ត្រាសម្រាប់ប្រទេសដាណឺម៉ាក មិនឲ្យមានការស៊ុតបញ្ចូលទី រហូតដល់ទៅ ៥៧២នាទី។

គួរបញ្ជាក់ផងដែរថា Schmeichel គឺជាកូនប្រុសរបស់អតីតអ្នកចាំទីឆ្នើម Peter Schmeichel ដែលមានប្រវត្តិជោគជ័យធំបំផុត​នៅក្នុងលីគកំពូលអង់គ្លេស ក្នុងក្លឹប Manchester United ដែលបានចំណាយលេងឲ្យ ក្លឹបនេះ ៨ឆ្នាំ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Sir-Alex Ferguson ដោយធ្លាប់ឈ្នះពាន Premier League ៥ដង ពាន FA Cup ៣ដង ពាន League Cup ម្តង និង UEFA Champions League បានម្តងដែរ ខណៈ Schmeichel ក៏ធ្លាប់ឈ្នះពាន Premier League ដូចគ្នា ជាមួយឳពុកនៅទឹកដីអង់គ្លេសនោះដែរ៕