(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះមានការចាប់អារម្មណ៌ជាខ្លាំង ពេញបណ្ដាញសង្គម ក្រោយពីបានឃើញយុវជន២រូប ដែលបានតុបតែងខ្លួនគ្រងនូវឈុតយក្ស និងស្វា នៅក្នុងទម្រង់សិល្បៈល្ខោនខោល ជិះស៊ីក្លូ និងដើរផ្សព្វផ្សាយល្ខោនខោល ស្ទើរតែជុំវិញទីក្រុងភ្នំពេញ។ យ៉ាងណាមិញ យុវជន២រូបដែលបានគ្រងនូវឈុតយក្ស និងស្វា នេះការពិត គឺជាលោក តាន់ គឹមសួរ និងឌីជេអាចារ្យធំ ដែលបានផ្សព្វផ្សាយនូវល្ខោនខោល ដើម្បីឲ្យពលរដ្ឋខ្មែរទាំងឡាយ កុំបំភ្លេចនូវសិល្បៈបុរាណខ្មែរមួយនេះ​។

ខណៈដែលមានការកោតសរសើរ​ រូបថតមួយសន្លឹកដែល លោក តាន់ គឹមសួរ និងឌីជេអាចារ្យធំ បានលុតជង្គង់​ក្នុងឈុតល្ខោនខោល នៅមុខព្រះបរមរាជវាំង ព្រមទាំងមានផ្ទាំងមួយសន្លឹក ដោយបានសរសេរថា​ «​សូមរក្សាពួកយើងផង ពួកយើងមិនចង់ឃ្លាតឆ្ងាយពីអ្នកទេ ល្ខោនខោលជារបស់កម្ពុជា»។ ជាការពិត រូបថតមួយសន្លឹកនេះ ធ្វើឲ្យមហាជនជាច្រើន ដែលនិយមលេង នៅលើបណ្តាញសង្គមហ្វសប៊ុក បានសម្តែងការមិនពេញចិត្ត ចំពោះការគ្រងនូវឈុតយក្ស និងស្វាហនុមាន ហើយបែរជាលុតជង្គង់ អង្វរនៅមុខសាធារណជន។

យ៉ាងណាមិញ​ ក្រោយពីមានការរិះគន់ ពីសំណាក់មហាជន ពេញបណ្តាញសង្គម ហ្វេសប៊ុក ស្រាប់តែ​លោក តាន់ គីមសួរ ក៏បានធ្វើការ​ឆ្លើយតបភ្លាមៗ តែម្ដង ទៅនឹងពាក្យរិះគន់របស់មហាជន ដែលចោទថា ខ្លួន​និងលោកអាចារ្យធំ កំពុងបន្ទាប​បន្ថោកសិល្បៈល្ខោនខោលខ្មែរ។

ជាក់ស្ដែងដោយយោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់​លោក តា​ន់ គីមសួរ បានសរសេរសារបង្ហោះ ដោយរៀបរាប់យ៉ាងដូច្នេះថា «សំអាងទៅលើរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហោះ នៅលើបណ្តាញសង្គម កុំទាន់អាលរិះគន់ជេរប្រមាថ ដោយមិនសំចៃមាត់ និងកុំទាន់អាលវាយតម្លៃថា ពួកយើងកំពុងតែ​បន្ទាបបន្ថោក វប្បធម៌ដ៏ល្អប្រពៃ ដែលបន្សល់ទុកសម្រាប់កូនចៅ ជំនាន់ក្រោយរបស់ដូនតាអី។ អ្វីគ្រប់យ៉ាងនឹង​ធ្វើការបង្ហាញ​ក្នុងវីដេអូឆាប់ៗនេះ សូមចាំទស្សនា​ទាំងអស់គ្នា (ខ្មែរមួយចំនួនចូលចិត្តធ្វើខ្លួន ជាអ្នកចេះដឹងខុសរបៀប)»