Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាង្គឥដ្ឋ G14 នៃប្រាសាទភ្នំបាខែង

11-07-2025 16:30

(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាង្គឥដ្ឋ G14 នៃប្រាសាទភ្នំបាខែង ស្ថិតនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ និងទប់ស្កាត់ការខូចខាតជាបន្តទៀត។ ការងារនេះ បានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៥ និងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៥នេះ។

អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារជួសជុលប្រាង្គ G14 មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ទាំងខឿនចុះខ្សោយ និងជញ្ជាំងជុំវិញ នៅសល់កម្ពស់ ជាង១ម៉ែត្រ ទាមទារឱ្យមានការជួសជុល ទប់ស្កាត់ការរលុះធ្លាក់ឥដ្ឋ ឬឥដ្ឋពុកផុយ សម្អាតកំណកដីកណ្តៀរ ស្មៅ និងរុក្ខជាតិដុះបំផ្លាញរចនាសម្ពន្ធប្រាសាទជាបន្តទៀត។

អ្នកស្រី ឈុន រតនា បានបន្ថែមថា ក្រោយពីបញ្ចប់ការងារជួសជុល ក្រុមការងារពិតជាទឹកចិត្តសប្បាយរីករាយចំពោះស្នាដៃ ប្រែក្លាយពីប្រាសាទមានភាពទ្រុឌទ្រោមមកជារឹងមាំ និងមានសោភ័ណភាព បន្តអាយុកាលយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្ហាញដល់ទេសចរ ដោយហេតុថា ស្ថានភាពមុនជួសជុលប្រាង្គនេះស្ទើតែបាត់បង់រូបរាងទៅហើយ។

ក្រុមការងារ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកលើកិច្ចការជួសជុល អភិរក្ស ដើម្បីឱ្យប្រសាទ ដែលមានអាយុកាល១ពាន់ឆ្នាំនេះ បានរឹងមាំបន្តទៀត៕