Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង់គ្លេស និង Nvidia ចាប់ដៃគ្នាសាកល្បងប្រើប្រាស់ AI នៅក្នុងវិស័យធនាគារ

09-06-2025 15:35

(បរទេស)៖ អាជ្ញាធរហិរញ្ញវត្ថុ (FCA) របស់ចក្រភពអង់គ្លេស បានចាប់ដៃគូជាមួយក្រុមហ៊ុន Nvidia ដើម្បីបង្កើត «Sandbox» នៅខែកញ្ញា​ឆ្នាំ២០២៥ ខាងមុខ ដែលវាអនុញ្ញាតឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ (ដូចជា​ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង) ធ្វើសាកល្បងឧបករណ៍ AI ក្នុងបរិបទសុវត្ថិភាព និងមានការត្រួតពិនិត្យត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចសហការណ៍នេះ​ គឺផ្ដល់ជូនសម្រាប់ក្រុមហ៊ុន​ដែលមិនមានធនធានបច្ចេកវិទ្យាធំៗ ដើម្បីអភិវឌ្ឍន៍ ឬសាកល្បងបច្ចេកវិទ្យា AI ដោយខ្លួនឯង ខណៈការសាកល្បងនឹងចាប់ផ្តើមនៅ ខែតុលា ឆ្នាំ២០២៥។ AI ដែលនឹងសាកល្បង រួមមាន៖ ការរកឃើញការលួចលាក់ប្លង់ហិរញ្ញវត្ថុ និងការបំពានទីផ្សារ (fraud detection និង market manipulation)។ គម្រោងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេសក្នុងការលើកកម្ពស់ការច្នៃប្រឌិត និងបន្ថយឧបសគ្គផ្នែកបទប្បញ្ញត្តិ។

លោកស្រី Jessica Rusu ប្រធានផ្នែកទិន្នន័យរបស់ FCA បាននិយាយថា ការចាប់ដៃគូជាមួយ Nvidia នេះ នឹងជួយឱ្យក្រុមហ៊ុនតូចៗអភិវឌ្ឍន៍ និងប្រើប្រាស់ AI ដោយមានទំនួលខុសត្រូវ។ ងាមមក លោក Jochen Papenbrock ប្រធានផ្នែក fintech របស់ Nvidia នៅតំបន់អឺរ៉ុប ក៏បានថ្លែងថា ការប្រកាសដាក់ឲ្យប្រើប្រាស់ AI នេះអាចឱ្យសហគ្រាសសាកល្បងការវិភាគទិន្នន័យ និងការគ្រប់គ្រងហានិភ័យ ដោយប្រើឧបករណ៍អភិវឌ្ឍន៍ AI របស់ Nvidia។

គួរជម្រាបថា ការចាប់ដៃគូនេះនឹងជួយអង់គ្លេសក្លាយជាមជ្ឈមណ្ឌលចម្បងផ្នែក AI ក្នុងពិភពលោក។ Nvidia ក៏បានប្រកាសនូវគម្រោងបណ្ដុះបណ្ដាលមនុស្ស ១០០,០០០នាក់ក្នុងផ្នែក AI និងចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI សម្រាប់ប្រទេស។ Sandbox ជាផ្នែកមួយនៃការច្នៃប្រឌិតជាសាធារណៈ ដើម្បីជួយឱ្យប្រទេសអង់គ្លេសឈានមុខគេក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រង AI៕