Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីតាលី ស្ថិតក្នុងភាពត្រដាត្រដួស ក្រោយចាញ់ន័រវេស ០-៣ ជម្រុះ World Cup 2026

07-06-2025 10:06

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី បន្តស្ថិតក្នុងភាពត្រដាបត្រដួសថែមទៀត បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ន័រវេស ៣ទល់នឹង០ នាយប់មិញនេះនៃវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប (UEFA)។

ក្រោយបរាជ័យដ៏ធ្ងន់ធ្ងរក្រៅដីនេះដែរ លោក Luciano Spalletti ដែលចូលដឹកនាំអាសូរីជំនួសកៅអីគ្រូបង្វឹក Roberto Mancini កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ នោះបានថ្លែងថា «អ៉ីតាលី កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក» ដ្បិតពួកគេបរាជ័យស្ពឹកមុខ នៅថ្ងៃបើកឆាកជម្រុះ World Cup នាឆ្នាំក្រោយប្រចាំពូល I។

ជាការរំលឹកផងដែរ ក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុប អ៉ីតាលី មិនបានឡើងទៅលេងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក ២សម័យចុងក្រោយ ពោលគឺ World Cup 2018 នៅរុស្ស៊ី និងឆ្នាំ២០២២ នៅប្រទេសកាតាផងដែរ ក្នុងនាមអតីតម្ចាស់ពានធំនេះ ៤សម័យកាលស្មើនឹងអាល្លឺម៉ង់ដែរ។

ឆ្លងតាមជ័យជម្នះនេះដែរ ន័រវេសដែលមានកំពូលខ្សែប្រយុទ្ធ Erling Haaland បន្តកាន់កាប់តំណែងកំពូលតារាងយ៉ាងរឹងមាំជាមួយនឹង ៩ពិន្ទុពេញ ក្រោយឆ្លងកាត់ ៣ប្រកួតប្រចាំពូល I តាមពីក្រោយដោយអ៉ីស្រាអែលដែលមាន ៦ពិន្ទុ និងអ៉ីស្តូនី មាន ៣ពិន្ទុឈរលេខ៣។

ប្រកួតបន្ទាប់នៅរាត្រីថ្ងៃចន្ទ អ៉ីតាលីត្រូវប៉ះម៉ូដូវ៉ា ដែលឈរនៅបាតតារាងពុំមានពិន្ទុរាប់ដូចគ្នា៕