(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ Elon Musk មានឈ្មោះ xAI កំពុងចាប់ផ្តើមយុទ្ធនាការធំមួយ ដោយចេញលក់បណ្ណបំណុលចំនួន ៥ពាន់លានដុល្លារ និងស្វែងរកតម្លៃទីផ្សារដល់ទៅ ១១៣ពាន់លានដុល្លារ តាមរយៈការលក់ភាគហ៊ុនរបស់បុគ្គលិកចំនួន ៣០០លានដុល្លារ។

ការចេញលក់បណ្ណបំណុលនេះគ្រប់គ្រងដោយធនាគារ Morgan Stanley ដែលរួមមាន៖ បំណុលប្រភេទ term loan B, បំណុលអត្រាថេរ (fixed-rate loan) និងកំណត់ត្រាបំណុលមានការធានា (senior secured notes)។ ប្រាក់ដែលទទួលបាននឹងត្រូវប្រើសម្រាប់ការចំណាយទូទៅរបស់ក្រុមហ៊ុន ដូចជា ការបង្កើតហេដ្ឋារចនាសម្ពន្ធបញ្ញាសិប្បនិម្មិត និងការស្ថាបនា Supercomputer ឈ្មោះ “Colossus” នៅរដ្ឋ Memphis។ ការទទួលពាក្យស្នើសុំចូលរួមវិនិយោគសម្រាប់បំណុលនេះមានកាលកំណត់ដល់ថ្ងៃទី ១៧ ខែមិថុនា។

xAI ក៏បានចាប់ផ្តើមការលក់ភាគហ៊ុនសរុប ៣០០លានដុល្លារដល់អ្នកវិនិយោគ ដើម្បីអនុញ្ញាតឱ្យបុគ្គលិកលក់ភាគហ៊ុនរបស់ខ្លួន។ ការលក់នេះបានកំណត់តម្លៃទីផ្សាររបស់ xAI ស្មើនឹង ១១៣ ពាន់លានដុល្លារ។ xAI ក៏រំពឹងនឹងមានការប្រមូលមូលនិធិចម្បងមួយទៀតនៅពេលក្រោយ ដើម្បីដាក់លក់ភាគហ៊ុនថ្មីសម្រាប់អ្នកវិនិយោគខាងក្រៅ។

គួរជម្រាបថា នៅក្នុងខែមីនា ឆ្នាំ២០២៥ xAI បានទិញយកបណ្តាញសង្គម X (ត្រូវជា Twitter ពីមុន) ដែលក៏ជាកម្មសិទ្ធិរបស់ Musk ដែរ។ តម្លៃរួមនៃក្រុមហ៊ុនបង្កើតឡើងថ្មីនេះមានតម្លៃ ១១៣ពាន់លានដុល្លារ ដោយ xAI មានតម្លៃ ៨០ពាន់លានដុល្លារ និង X មានតម្លៃ ៣៣ពាន់លានដុល្លារ។ xAI បានចេញផ្សាយ chatbot ឈ្មោះ Grok និងកំពុងស្ថាបនាកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីបង្កើនសមត្ថភាពក្នុងវិស័យ AI៕