(ភ្នំពេញ)៖ សមាជិកក្រុមជម្រើសជាតិកម្ពុជា ២រូប គឺកីឡាករ កាន់ ម៉ូ និង Abdel Kader Coulibaly នៅថ្ងៃទី២៦ ខែឧសភានេះ បានចេញដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមជាមួយក្រុមតារាបាល់ទាត់អាស៊ាន (ASEAN All-Stars) ក្នុងការប្រកួតមិត្តភាពសប្បុរសធម៌អន្ដរជាតិ ជាមួយក្លិបបាល់ទាត់ Manchester United នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅទីក្រុងគូឡាឡាំពួរ។

គួរដឹងថា កាន់ ម៉ូ និង Kader ត្រូវបានជ្រើសរើសដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Kim Sang-sik ដែលបច្ចុប្បន្នលោកជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ហើយត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ សម្រេចតែងតាំងលោកជាគ្រូបង្វឹកដឹកនាំក្រុម ASEAN All-Stars ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមដ៏ល្បីល្បាញមកពីចក្រភពអង់គ្លេសនាថ្ងៃពុធនេះ។

គួរដឹងថា ជំនួបមិត្តភាពជាប្រវត្តិសាស្ដ្រនេះ លោក Kim Sang-sik បានកោះហៅកីឡាករគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ានចូលរួមជាមួយក្រុម ASEAN All-Stars ហើយក្រៅពីកីឡាករកម្ពុជាទាំង ២រូប ក៏មានកីឡាករឡាវ និងទីម័រខាងកើត ដែលបានប្រកបអាជីពនៅលីគកំពូលកម្ពុជា ត្រូវបានកោះហៅចូលរួមការប្រកួតនេះផងដែរ គឺមានកីឡាករ Bounphachan Bounkong សមាជិកក្លិបព្រះខ័នរាជស្វាយរៀង និងកីឡាករ Jaoa Pedro សមាជិកក្លិបអង្គរថាយហ្គឺរ។