(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូន និងរថយន្តអគ្គិសនីរបស់ចិន Xiaomi បានប្រកាសនៅថ្ងៃអង្គារសប្តា៍នេះថា ខ្លួនបានចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៃបន្ទះឈីបទូរស័ព្ទទំនើបដែលផលិតដោយខ្លួនឯងដែលមានឈ្មោះថា Xring O1 (ត្រូវបានគេស្គាល់ផងដែរថាជា Xuanjie O1 នៅក្នុងភាសាចិន)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ប្រកាសនេះ ត្រូវបានធ្វើឡើងដោយស្ថាបនិកក្រុមហ៊ុន Xiaomi ផ្ទាល់លោក Lei Jun នៅលើគណនី Weibo ផ្ទាល់ខ្លួនរបស់លោក និងបាននិយាយថា មានផលិតផលចំនួនពីរដែលដំណើរការដោយបន្ទះឈីបផ្ទាល់ខ្លួនជាលើកដំបូងគឺ ស្មាតហ្វូន Xiaomi 15S Pro និង Xiaomi Pad 7 Ultra។ ជុំវិញព័ត៌មានលម្អិតអំពីប្រកាសនេះ Xiaomi គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលនៅថ្ងៃព្រហស្បតិ៍នេះតែម្តង។
គួរជម្រាបថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Lei ក៏បាននិយាយផងដែរថា Xiaomi បានវិនិយោគ ១៣.៥ ពាន់លានយន់ (ប្រហែល ១.៨៧ ពាន់លានដុល្លារ) រួចទៅហើយដើម្បីអភិវឌ្ឍបន្ទះឈីប Xring O1 ហើយថាខ្លួនគ្រោងនឹងវិនិយោគយ៉ាងហោចណាស់ ៥០ ពាន់លានយន់បន្ថែមទៀត ដែលប្រហែលនឹង ៦.៩ ពាន់លានដុល្លារ ក្នុងការរចនាបន្ទះឈីប ក្នុងរយៈពេលយ៉ាងតិច ១០ ឆ្នាំ៕