(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City បាននិយាយថា រូបលោកបានដឹកនាំមេឃខៀវដណ្តើមបានពាន FA Community Shield មួយដែរនារដូវកាលនេះ ក្រោយពេលរងការចោទប្រកាន់មិនឈ្នះពានណាមួយ។

លោកថា ក្រុមរបស់លោកបានក្លាយជាក្រុម១ ក្នុងចំណោម ៣ក្រុមរបស់អង់គ្លេស ដែលអាចលេងពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ និងឈ្នះជើងឯកទៀតផង។

លោក Pep បានបន្ថែមថា «ជាការពិត វាសំខាន់ខ្លាំងណាស់ ក្នុងការទទួលបានកៅអីលេងពានអឺរ៉ុប ស្របពេល Newcastle United ឈ្នះជើងឯក League Cup ហើយ Liverpool ម្ចាស់ជើងឯក Premier League និង City វិញ ដណ្តើមបាន Community Shield ខុសពីក្រុមដទៃមិនឈ្នះអ្វីសោះ»

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និសទីមុនពេលប្រកួតទល់នឹង AFC Bournemouth ក្នុងសប្តាហ៍ទី៣៧ រាត្រីនេះ ក្រោយពេលពួកគេបរាជ័យផ្តាច់ព្រ័ត្រ FA Cup ក្រោមថ្វីជើងរបស់ Crystal Palace កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន នៅកីឡដ្ឋាន Wembley។

City បានផ្តួលគូប្រជែងប្រចាំទីក្រុង Manchester ដូចគ្នាគឺ Man Utd ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីដើម្បីលើកពាន បើករដូវកាលលីគអង់គ្លេស Premier League ក្នុងនាមអតីតជើងឯក ៤សម័យកាលជាប់ៗគ្នា និងក្រោយពីនោះ ពួកគេបានហាលអាវពី UCL ត្រឹមវគ្គ Group Phase ប៉ុណ្ណោះ។

វាជាលើកដំបូងផងដែរ ក្នុងរយៈពេល ៨ឆ្នាំដែល Man City បានបញ្ចប់រដូវកាលដោយមិនឈ្នះពានធំណាមួយ បន្ទាប់ពីពួកគេឈ្នះពានធំៗដល់ទៅ៣ ក្នុង ១រដូវកាលផងដែរកាលឆ្នាំ២០២៣ រួមមាន UCL, PL និង FA Cup៕