(មេនឆេស្ទើ)៖ មហាសេដ្ឋីជាតិអង់គ្លេស លោក Sir Jim Ratcliffe ដែលត្រូវបានគេស្គាល់តាមរយៈទិញក្លិបបាល់ទាត់ល្បី Manchester United មកគ្រប់គ្រងនោះ មានការខាតបង់ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយតាមរយៈដកស្រង់របាយការណ៍ពី Sunday Times Rich List បានឱ្យដឹងថា ចំនួនទឹកប្រាក់របស់បុរសវ័យ ៧២ឆ្នាំរូបនេះមានការថយចុះពី ២៣.៥១៩ មកនៅត្រឹម ១៧.០៤៦ពាន់លានផោនវិញ ត្រឹមរយៈពេលតែ ១២ខែចុងក្រោយនេះ ដែលបានធ្លាក់ចេញពីចំណាត់ថ្នាក់លេខ៤ មកឈរលេខ៧ វិញផងដែរ ក្នុងចំណោមមហាសេដ្ឋីចំនួន ៣៥០នាក់នៅអង់គ្លេស។

នៅចាំបានថា ក្រុមហ៊ុន Ineos Group របស់លោក Ratcliffe បានចំណាយលុយទិញសិទ្ធិកាន់កាប់ចំនួន ២៧.៧% ក្នុងក្លិបបិសាចក្រហមនាអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងរង្វង់ទឹកប្រាក់ ១.៦ពាន់លានដុល្លារអាមេរិក ដែលផ្តល់លទ្ធភាពដល់ក្រុមហ៊ុនយក្សមួយនេះ មានសិទ្ធិ និងដឹកនាំប្រតិបត្តិការផ្ទាល់ពេញលេញក្នុងក្លិបមួយនេះ។

ទោះជាយ៉ាងណា ក្រោយពេលចូលដឹកនាំដោយផ្ទាល់នៅកីឡដ្ឋាន Old Trafford លោក Ratcliffe ទទួលបានរិះគន់យ៉ាងដំណំផងដែរ ជុំវិញការដំឡើងថ្លៃសំបុត្រ និងការកាត់បន្ថយបុគ្គលិក ២លើក ក្រោមហេតុផលរក្សាលំនឹងហិរញ្ញវត្ថុក្លិប។

យ៉ាងណាមិញអ្វីដែលគួរឱ្យភ្ញាក់ផ្អើលផងនោះ កាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ Man Utd ក៏បានទម្លាយពីមហិច្ឆតាសាងសង់កីឡដ្ឋានថ្មី ទំនើប ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានដល់ ១០ម៉ឺននាក់ទៀតផង នៃការចំណាយមានដល់ ២ពាន់លានផោនឯណោះ៕