(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានចេញសេចក្តីប្រកាសពីការចាប់ផ្តើម អនុវត្តន៍ច្បាប់ មានតែប្រធានក្រុមនីមួយៗប៉ុណ្ណោះ អាចមានសិទ្ធិនិយាយ និងតវ៉ា ជាមួយលោកអាជ្ញាកណ្តាលក្នុងទីលាន នាអំឡុងការប្រកួត ចាប់ពីរដូវកាលឆ្នាំ២០២៥-២៦ តទៅ។

ការប្រកាសពីការចាប់ផ្តើមអនុវត្តន៍ច្បាប់ថ្មីនេះដែរ បន្ទាប់ពីទទួលបានការឯកភាពពីស្ថាប័ន ក្រុមប្រឹក្សាកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា IFAB នាអំឡុងខែមីនា ឆ្នាំ២០២៥។

ស្ថិតក្រោមបទបញ្ញតិ្តថ្មីនេះដែរនៅអំឡុងការប្រកួត អាជ្ញាកណ្តាលមានសិទ្ធិពិន័យកាតលឿង ចំពោះកីឡាកររូបណាដែលមកតវ៉ាផ្ទាល់ដោយពុំមានការអនុញ្ញាត និងប្រាស់ចាកពីការគោរពផ្សេងៗ។

មួយវិញទៀត ក្នុងការប្រកួតណាដែលមានប្រធានក្រុមជាអ្នកចាំទីវិញនោះ ក្លិបនឹងចាត់តំណាងមកជជែកជាមួយអាជ្ញាកណ្តាលជំនួស មុនពេលការប្រកួតត្រូវបានបន្តឡើងវិញ។

គួរបញ្ជាក់ផងថា ច្បាប់ថ្មីនេះដែរត្រូវបានប្រើប្រាស់ក្នុងក្របខណ្ឌធំ៣ រួចមកហើយរបស់ UEFA នារដូវកាលនេះ បន្ទាប់ពីត្រូវបានបង្កើត និងប្រើប្រាស់ក្នុងកម្មវិធីពានរង្វាន់អឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់រួចមក៕