(ភ្នំពេញ)៖ កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ហេង វុទ្ធី ម្ចាស់មេដាយមាស នៃព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី បានចាត់ទុកសិទ្ធផលនេះ គឺជាដើមទុនមួយដ៏សំខាន់ សម្រាប់ការត្រៀមប្រជែងមេដាយកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ។

ការលើកឡើងនេះ បន្ទាប់ពីម្ចាស់មេដាយមាសតែមួយគត់របស់កម្ពុជា រួមជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួត Southeast Asian & Invitation Championship 2025 កាលពីថ្មីៗ។

កីឡាករគីឡូធ្ងន់រូបនេះ បញ្ជាក់ថា ការដណ្ដើមបានមេដាយរបស់អត្តពលិកកម្ពុជា រួមទាំងខ្លួនផ្ទាល់ ក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើ គឺមិនងាយស្រួលនោះទេ ដ្បិតក្រៅពីអត្តពលិកក្នុងតំបន់ ក៏មានកីឡាករខ្លាំងៗមកពីក្រៅតំបន់ចូលរួមដែរ ដូចជាអូស្ដ្រាលី នូវែលហ្សេឡង់ និងឆាយនីសតៃប៉ិជាដើម ដែលធ្វើឲ្យការប្រកួតមានភាពស្វិតស្វាញ ពិសេសពេលជួបកីឡាករអូស្ដ្រាលី នៅវគ្គផ្ដាច់ព្រ័ត្រ នាំឲ្យអត្តពលិកកម្ពុជាភាគច្រើនទទួលបានត្រឹមមេដាយប្រាក់។

យ៉ាងណាមិញ ការប្រកួតប្រជែងច្រើន ជាមួយកីឡាករខ្លាំងៗ ទាំងក្នុង និងក្រៅតំបន់បែបនេះ គឺជាបទពិសោធន៍ដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការត្រៀមឆ្ពោះទៅស៊ីហ្គេម នាពេលខាងមុខ ។ លើសពីនេះ កីឡាករ ហេង វុទ្ធី ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង និងសហព័ន្ធ ក៏ដូចជាលោក ខេស៊ី បាណត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលបានឧបត្ថម្ភគាំទ្រ និងផ្ដល់ឱកាសឲ្យកីឡាករចំបាប់កម្ពុជា បានចូលរួមប្រកួត ដើម្បីសាកល្បង់ និងវាស់ស្ទង់សមត្ថភាពដ៏ល្អនេះផងដែរ។

ទន្ទឹមជាមួយគ្នា តាមរយៈការដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប ៨គ្រឿង ពីព្រឹត្តិការណ៍អន្ដរជាតិខាងលើ អ្នកស្រី ចូវ សុធារ៉ា គ្រូជំនួយក្រុមជម្រើសជាតិចំបាប់កម្ពុជា បានចាត់ទុកជាលទ្ធផលអាចទទួលយកបាន ហើយក៏ជាសញ្ញាណមួយដ៏ល្អសម្រាប់កីឡាករ-កីឡាការិនី ដែលទើបប្រមូលផ្ដុំហ្វឹកហាត់បាន ១ខែ តែអាចដណ្ដើមបានមេដាយជូនជាតិគួរឲ្យកត់សម្គាល់ ។ យ៉ាងណាដើម្បីធានាការត្រៀមស៊ីហ្គេមចំពោះមុខ លោកស្រីលើកឡើងថា កីឡាករ-កីឡាការិនី ត្រូវពង្រឹងការហ្វឹកហាត់បន្ថែម ពិសេសបើបានចេញប្រមូលផ្ដុំក្រៅស្រុក គឺកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Southeast Asian & Invitation Championship 2025 បានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១២ ខែឧសភា ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូបចូលរួមប្រកួត និងដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមានមេដាយមាស ១ មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ៤គ្រឿង៕