(បរទេស)៖ ក្រុមប្រឹក្សាចក្រភពអង់គ្លេស (The UK Takeover Panel) ប្រកាសពន្យាពេលកំណត់សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Qualcomm ដើម្បីធ្វើការដេញថ្លៃជាផ្លូវការទិញយកក្រុមហ៊ុនអេឡិចត្រូនិកអង់គ្លេស Alphawave IP Group រហូតដល់ថ្ងៃទី២៧ ខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
នេះជាការពន្យារបន្ថែមពីកាលកំណត់មុននៅថ្ងៃទី ១២ ខែឧសភា ដែលឆ្លុះបញ្ចាំងពីការពិភាក្សាកំពុងបន្តរវាងក្រុមហ៊ុនទាំងពីរ និងកិច្ចព្រមព្រៀងគ្នាទៅវិញទៅមករបស់ពួកគេដើម្បីពន្យារពេលវេលា។
គួរជម្រាបថា មូលហេតុដែលក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Qualcomm ចាប់អារម្មណ៍ទិញយកក្រុមហ៊ុន Alphawave ត្រូវបានគេឱ្យដឹងថាដោយសារបច្ចេកវិទ្យា «serdes» ដែលជាកម្មសិទ្ធិរបស់ Alphawave ខណៈវាមានសារៈសំខាន់សម្រាប់ការផ្ទេរទិន្នន័យល្បឿនលឿននៅក្នុងប្រព័ន្ធដំណើរការ AI កម្រិតខ្ពស់។ ហេតុផលដ៏ធំមួយទៀតនោះគឺ អាចពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារ AI semiconductor ដោយជួយឱ្យវាកាន់តែមានសមត្ថភាពខ្ពស់ប្រកួតប្រជែងជាមួយគូប្រជែងដូចជា NVIDIA ជាដើម៕