(បរទេស)៖ ម្ចាស់ក្លិប Inter Miami FC លោក David Beckham បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោក ដោយបានស្នើឱ្យក្រុម Minnesota United បង្ហាញការគោរពបន្តិច បន្ទាប់ពីយកឈ្នះក្រុមលោក ៤ទល់នឹង១ ក្នុងលីគអាមេរិក Major League Soccer។
តាមរយៈលទ្ធផលនេះដែរ វាគឺជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់ Inter គិតចាប់តាំងពីអតីតម្ចាស់បាល់មាស Ballon d’Or ៨សម័យ Lionel Messi ចូលរួមចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មក។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ ៣៧ឆ្នាំ គឺរកបានតែ ១គ្រាប់ក្នុងវគ្គទី២ ក្នុងចំណោមការបរាជ័យ ៤លើក ពីការលេង ៥ប្រកួតចុងក្រោយគ្រប់កម្មវិធី។
បន្ទាប់ពីទទួលបាន ៣ពិន្ទុក្នុងដីនេះដែរ Minnesota បានបង្ហោះរូប ១សន្លឹកនៅលើបណ្តាញ Instagram ពីការប្រកួតនេះដោយបានសរសេរថា «Pink Phony Club ក្នុងន័យឌឺដង ដែលជាពណ៌ផ្កាឈូកឯកសណ្ឋានរបស់ក្លិប Miami អមដោយចម្រៀង Chappell Roan ថែមទៀតផង»។
លើសពីនេះទៀត ពួកគេក៏បានបង្ហោះរូបភាពអមដោយតារាងពិន្ទុ ដែលបង្ហាញថា Minnesota ឈរនៅពីលើក្រុម Inter ថែមទៀតផង នាំឱ្យអតីតប្រធានក្រុមតោកំណាចអង់គ្លេស Beckham ចូលទៅបញ្ចេញមតិ និងបង្ហោះសារដោយសរសេរដែរថា «សូមសំដែងនូវការគោរពបន្តិចផង ចំពោះជ័យជម្នះនេះ»៕