(ភ្នំពេញ)៖ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ២រូប គឺកីឡាករ អាន់វ៉ា ណេស្រេឌីនូវ និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ក្នុងការប្រកួតប្រដាល់សកលអន្ដរជាតិ ឆ្នាំ២០២៥ (International Boxing Tournament-IBT 2025) នៅទីក្រុង Chirchick ប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ។
លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា ការប្រកួតអន្ដរជាតិនេះ មានអត្តពលិកជិត ២០ប្រទេសចូលរួម ពិសេសកីឡាករខ្លាំងៗមកពីប្រទេសហ្សាក់ស្ថាន ហ្វីលពីន រុស្ស៊ី និងម្ចាស់ផ្ទះអ៊ូសបេគីស្ថានជាដើម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ ២រូបចូលរួមព្រឹត្តិការណ៍នេះដែរ គឺកីឡាករ អាន់វ៉ា ណេស្រេឌីនូវ ប្រកួតទម្ងន់ ៨០គីឡូក្រាម និង រ៉ាចាពៅ អាប់ឌុលឡា ប្រកួតទម្ងន់ ៩២គីឡូក្រាម ខណៈលទ្ធផលពួកគេ ទទួលបានមេដាយសំរឹទ្ធដូចគ្នា។
ប្រធានសហព័ន្ធដដែលបន្ដថា ក្រោយបញ្ចប់ការប្រកួតខាងលើ កីឡាករកូនកាត់ខ្មែរ-អ៊ូសបេគីស្ថាន អាន់វ៉ា នឹងត្រូវបន្ដបោះជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនៅទីនោះ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិមួយទៀត គឺកម្មវិធី Thailand Open នៅប្រទេសថៃ នាថ្ងៃទី២៤ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ហើយក៏ជាការវាស់ស្ទង់ និងពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះផងដែរ។
ទន្ទឹមជាមួយការដណ្ដើមបានមេដាយជូនជាតិ ពីសំណាក់កីឡាករប្រដាល់សកលកម្ពុជាខាងលើ ក៏ទទួលបានការផ្ញើសារអបអរសាទរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ៕