(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវមួយនៅសាកលវិទ្យាល័យ Duke របស់សហរដ្ឋអាមេរិក បានបង្កើតឧបករណ៍ AI ដ៏មានអានុភាព ដែលអាចទស្សន៍ទាយជំងឺមហារីកសុដន់បានរហូតដល់ ៥ឆ្នាំជាមុន ហើយវាបង្ហាញថាមានភាពត្រឹមត្រូវជាងគ្រូពេទ្យ។

ប្រព័ន្ធ AI នេះត្រូវបានគេហៅថា «AsymMirai» វាធ្វើការសិក្សា និងវិភាគយ៉ាងស៊ីជម្រៅ​ទៅលើភាពមិនស្មើគ្នារវាងសុដន់ខាងឆ្វេង និងខាងស្ដាំ ជាពិសេសគឺព័ត៌មានលម្អិតផ្សេងៗ​មួយ​ចំនួនដែល​វេជ្ជបណ្ឌិតភាគច្រើនបានមើលរំលង។ មិនត្រឹមតែប៉ុណ្ណោះ វាបានធ្វើការវិភាគ និងបកស្រាយនូវប្រព័ន្ធស្មុគស្មាញជាច្រើន ខណៈពេលដែលនៅតែរក្សាបាននូវភាពត្រឹមត្រូវខ្ពស់។

AsymMirai មិនត្រឹមតែជួយសម្គាល់ឃើញសញ្ញាដំបូងនៃជំងឺមហារីកប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីរបៀបដែលសុដន់មិនស្មើគ្នាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរកឃើញដំបូង។ វាថែមទាំងអាចផ្លាស់ប្តូរពីរបៀបដែលស្ត្រីត្រូវបានណែនាំឱ្យទៅពិនិត្យសុខភាពនៅពេលអនាគត។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ សហស្ថាបនិកក្រុមហ៊ុន Microsoft និងជាកំពូលមហាសេដ្ឋីចាស់វស្សាគឺលោក Bill Gates បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍កម្មវិធី The Tonight Show របស់លោក Jimmy Fallo ថា បញ្ញាសិប្បនិម្មិត (AI) អាចជំនួសវេជ្ជបណ្ឌិត គ្រូបង្រៀន អ្នកជំនាញសុខភាពផ្លូវចិត្ត និងអ្វីៗជាច្រើនទៀតក្នុងរយៈពេល ១០ឆ្នាំខាងមុខ៕