(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba Group បានដាក់បង្ហាញ Qwen 3 ដែលជាកំណែថ្មីនៃគំរូបញ្ញាសិប្បនិមិត្ត (AI) ដ៏ទំនើបរបស់ខ្លួន ដែលបង្ហាញពីការអភិវឌ្ឍន៍ដ៏សំខាន់មួយចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យ AI របស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

របាយការណ៍បានឱ្យដឹងថា ការបើកដំណើរការនេះគឺត្រូវបានជំរុញដោយភាពជោគជ័យនៃអាជីវកម្មបញ្ញាសិប្បនិម្មិត្ត​ AI ក្នុងស្រុក​ DeepSeek ដែលបានចេញផ្សាយនៅដើមឆ្នាំនេះ ខណៈវាត្រូវបានគេទទួលសា្គល់ថាជា AI ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែមានតម្លៃទាបជាងបើធៀបនឹង AI របស់លោកខាងលិច។ ដូចដែលបានឃើញជាក់ស្តែងក្រុមហ៊ុនធំៗរបស់ចិនមួយរយៈចុងក្រោយនេះ នាំគ្នាសម្រុកអភិវឌ្ឍន៍បញ្ញាសិប្បនិមិ្មត AI ដោយក្នុងនោះក្រុមហ៊ុន​ដ៏ធំមួយគឺ Baidu ក៏ទើបតែចេញផ្សាយម៉ូដែលថ្មី Ernie 4.5 Turbo និង Ernie X1 Turbo ផងដែរ។

គួរជម្រាបថា ការចេញផ្សាយ AI ថ្មីបំផុតរបស់ Alibaba, Qwen 3, រួមបញ្ចូលគ្នានូវមុខងារ AI ដោះស្រាយបញ្ហា និងផ្តល់ហេតុផលកម្រិតខ្ពស់ ដែលជាវេទិកាអាចសម្របខ្លួនបាន និងមានប្រសិទ្ធភាពជាងមុនសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី និងនៅក្នុងកម្មវិធីទាំងមូល។ ក្រុមហ៊ុនអេឡិចត្រូនិកយក្សនេះ ធ្លាប់បានប្រញាប់ប្រញាល់ចេញម៉ូដែល Qwen 2.5-Max របស់ខ្លួនកាលពីចុងខែមករា ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសរបស់ DeepSeek ដោយអះអាងពីដំណើរការល្អជាង៕