(ប​រទេស)៖ ក្រុមហ៊ុន OpenAI នៅដើមសប្តាហ៍នេះបាននិយាយថា ខ្លួនបានធ្វើបច្ចុប្បន្នភាពសមត្ថភាពស្វែងរកតាមអ៊ីនធឺណិតរបស់ ChatGPT ដើម្បីកែលម្អការទិញទំនិញតាមអ៊ីនធឺណិត។ អ្នកប្រើប្រាស់ទាំងអស់នឹងកាន់តែងាយស្រួលជាងមុន ជាមួយនឹងមុខងារណែនាំផលិតផលភ្ជាប់ជាមួយរូបភាពច្បាស់ៗ ការត្រួតពិនិត្យ ព័ត៌មានលម្អិតអំពីតម្លៃ និងតណ links ទិញទំនិញដោយផ្ទាល់។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

OpenAI បា​ន​និយាយថា មុខងារស្វែងរកនៅលើ ChatGPT ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងចាប់តាំងពីការណែនាំរបស់ខ្លួនកាលពីឆ្នាំមុន ហើយបានក្លាយជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដែលគេស្វែងរកច្រើនបំផុត ជាមួយនឹងការស្វែងរកតាមអ៊ីនធឺណិតជាង ១ ពាន់លានដងក្នុងសប្តាហ៍មុន។ មុខងារថ្មីចុងក្រោយនេះ នឹងមាននៅក្នុងគំរូដើមគឺ GPT-4o។ មិនត្រឹមតែប៉ុណ្ណោះវា​នឹង​អាច​ចូល​ប្រើ​បាន​សម្រាប់​អ្នក​ប្រើ ChatGPT ទាំងអស់​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​កម្រិត Pro, Plus និង​ Free ក៏ដូចជា​អ្នក​ដែល​ប្រើ​សេវាកម្ម​ដោយ​មិនមានការ logging ផងដែរ។

គួរជម្រាបថា អ្ន​កប្រើប្រាស់នឹងទទួលបានការណែនាអំពីផលិតផលជាច្រើនដូចជា សម្លៀកបំពាក់បែប​ fashion, គ្រឿងសំអាង របស់របប្រើ​ប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចជាដើម។ ដូច្នេះសម្រាប់អ្នកចូលចិត្តទិញទំនិញអនឡាញកាន់តែមានភាពងាយស្រួល ហើយមិនពិបាកនៅក្នុងការជ្រើសរើសដូចមុន ខណៈ OpenAI គូសបញ្ជាក់ផងដែរថា ការធ្វើបច្ចុប្បន្នភាពនេះនឹងមិនរាប់បញ្ចូលការផ្សាយពាណិជ្ជកម្មទេ ហើយក្រុមហ៊ុននឹងមិនទទួលបានកម្រៃជើងសារពីការទិញដែលធ្វើឡើងតាមរយៈវេទិកា ChatGPT នោះទេ៕