(បរទេស)៖ ថ្មីៗនេះទទួលបា​​នដំណឹងមកថា ភាគហ៊ុនរបស់ក្រុហ៊ុន SK Telecom ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តធំជាងគេរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះដល់ទៅ ៨.៥% នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនបង្ហាញថា ខ្លួនបានរងការវាយប្រហារតាមអ៊ីនធឺណិតនិងបណ្តាលឱ្យលេចធ្លាយទិន្នន័យអតិថិជនកាលពីដើមខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

SK Telecom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាតណាមួយដែលបណ្តាលមកពីវាយប្រហារដែលត្រូវបានរកឃើញនៅថ្ងៃទី១៨ ខែមេសា ហើយបានគូសបញ្ជាក់អំពីឧបទ្ទវហេតុនេះថា ជាការលេចធ្លាយទិន្នន័យទ្រង់ទ្រាយធំដោយសារតែមេរោគ malware ខណៈមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តដ៏ធំនេះក៏បានឱ្យដឹងបន្ថែមទៀតថា ខ្លួននឹងចាប់ផ្តើមផ្តល់ជូននូវការជំនួន USIM (universal subscriber identity module) ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ចំនួន ២៣ លាននាក់នៅហាងលក់រាយជាង ២,៦០០ នៅទូទាំងប្រទេស ចាប់ពីថ្ងៃច័ន្ទនេះ បន្ទាប់ពីការរំលោភលើសុវត្ថិភាពអ៊ីនធឺណិត។

គួរជម្រាបថា គិតត្រឹមរសៀលថ្ងៃចន្ទដដែលនេះ ភាគហ៊ុនរបស់ SK Telecom បានបិទការធ្លាក់ចុះមកនៅត្រឹម ៦.៧ ភាគរយ ដែលបង្ហាញពីការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០៕