(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD ត្រូវបានគេរាយការណ៍មកថា បានចាប់ផ្តើមបើកដំណើរការក្រុមហ៊ុនដឹកជញ្ជូនរថយន្តដ៏ធំបំផុតរបស់ពិភពលោកគឺ BYD Shenzhen ដែលជានាវាទំនើបបំផុតនឹងមានសមត្ថភាពផ្ទុករថយន្តបានរហូតដល់ទៅ ៩,២០០ គ្រឿង។
BYD Shenzhen មានប្រវែងប្រមាណ ៧២១ ហ្វីត (ប្រហែល ២១៩.៩ ម៉ែត្រ) និងទទឹង ១២៣ ហ្វីត (ប្រហែល ៣៧.៧ ម៉ែត្រ) មានកម្ពស់ ១៦ ជាន់។ ជាងនេះទៅទៀត សមត្ថភាពដ៏អស្ចារ្យរបស់វាគឺ លើសពីនាវា 9,100-CEU Aurora-class ដែលដំណើរការដោយ Höegh Autoliners របស់ប្រទេសន័រវេស ហើយនាវានេះត្រូវបានបំពាក់ដោយច្ចេកវិទ្យាបៃតងដ៏ទំនើប។
នាវានេះ ត្រូវបានបង្កើតឡើងដោយ China Merchants Industry ខណៈវាប្រើប្រាស់ប្រព័ន្ធជំរុញឥន្ធនៈចំនួនពីររួមមាន LNG និង hybrid systems រួមទាំងសមត្ថភាព high-voltage shore power ដែលអនុញ្ញាតឱ្យមានការបំភាយឧស្ម័នទាបបំផុត និងឈានដល់ការបំភាយឧស្ម័នសូន្យក្នុងអំឡុងពេលប្រតិបត្តិការកំពង់ផែ។ យ៉ាងណាមិញ សម្រាប់ឈ្មោះ BYD Shenzhen នេះត្រូវបានគេឱ្យដឹងថា ក្រុមហ៊ុនយក្សចិន BYD យកតាមឈ្មោះតំបន់ដែលខ្លួនកំពុងមានប្រតិបត្តិការនាពេលបច្ចុប្បន្ន។
គួរជម្រាបថា នាវានេះត្រូវបានគេដាក់បង្ហាញនៅក្នុងពិធីដាក់ឈ្មោះ (naming ceremony) ដែលធ្វើឡើងក្នុងក្រុង Yizheng ខេត្ត Jiangsu នៅថ្ងៃទី ២២ ខែមេសា ដើមសប្តាហ៍នេះ។ ការបើកដំណើរការនេះ គាំទ្រដល់ការពង្រីកជាសកលរបស់ BYD និងការជំរុញរបស់ខ្លួនក្នុងការផ្តល់នូវការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងការចែកចាយសម្រាប់រថយន្តថាមពលថ្មីនៅទូទាំងពិភពលោក៕