(ភ្នំពេញ)៖ កម្ពុជាបានត្រៀមនូវទស្សនីយ៍ភាពសំខាន់ៗចំនួន ៣ រួមមានស្សនីយ៍ភាពវប្បធម៌ ទេសចរណ៍ និងកីឡា ដើម្បីសម្ដែង និងអបអរសាទរ ក្នុងពិធីទទួលទង់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ បន្ទាប់ពីប្រទេសបារ៉ែន ដែលត្រូវរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ៤ឆ្នាំម្ដងនេះ នាថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោយកិចប្រជុំពិភាក្សាជាមួយលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំខាងលើ បានកិច្ចប្រជុំនេះ ផ្ដោតកិច្ចពិភាក្សាលើ ២ចំណុចសំខាន់ ទី១-ពាក់ព័ន្ធនឹងខ្លឹមសារ និងទស្សនទាន ក៏ដូចសារ ដែលត្រូវរំលេចក្នុងទស្សនីយ៍ភាព សម្រាប់ធ្វើការសម្ដែងក្នុងពិធីទទួលទង់ធ្វើម្ចាស់ផ្ទះ បន្ដពីប្រទេសបារ៉ែន ក្នុងពិធីបិទការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលផ្ដោតលើទស្សនីយភាពទាំង ៣ខាងលើ និងទី២-ការបែងចែកនូវការងារទទួលខុសត្រូវរួម រវាងក្រសួងអប់រំ និងក្រសួងវប្បធម៌។
លោកបន្ដថា «ទស្សនីយ៍ភាពនេះ យើងផ្ដោតខ្លឹមសារទី១-ការបង្ហាញនូវវប្បធម៌ជាតិរបស់យើង ដែលត្រូវទៅសម្ដែងនូវទស្សនីយភាពធំហ្នឹង ។ ទី២-ការបង្ហាញនូវទេសចរណ៍ ដែលជាលក្ខណៈពិសេសនៃទេសចរណ៍ឯករបស់ប្រទេសយើង និងទី៣-ពាក់ព័ន្ធនឹងកីឡា ហើយកីឡានេះ ទាក់ទងនឹងកីឡាយុវជន ដែលមានយុវវ័យក្រោម ១៨ឆ្នាំ។ នេះគឺជាខ្លឹមសាររួម ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ និងត្រៀមរៀបចំនូវការសម្ដែងរយៈពេល ១០នាទីនាឱកាសនោះ»។
ទន្ទឹមជាមួយការត្រៀមរៀបចំកម្មវិធីទទួលទង់នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមរៀបចំនូវពិធីដង្ហែទង់ បន្ទាប់ពីប្រតិភូនាំទង់កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ត្រឡប់មកដល់ប្រទេសកម្ពុជា ឲ្យបានអធិកអធម នៅរាជធានីភ្នំពេញ ដូចកាលពីពិធីដង្ហែទង់ស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីការត្រៀមធ្វើម្ចាស់ផ្ទះលើកដំបូងនេះផងដែរ ។ លោក វ៉ាត់ ចំរើន បន្ថែម។
គួរដឹងថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ដោយកម្ពុជា បានត្រៀមបញ្ជូនអត្តពលិកចំនួន ១៨ប្រភេទកីឡាចូលរួម ក្នុងនោះមានសហព័ន្ធកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, ជិះសេះ, យូដូ, ជឺជីតស៊ូ, គុនចម្រុះ, ទោចក្រយាន, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, ប្រដាល់, និងកីឡាប្រដាល់សកល៕