(សៀមរាប)៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំយុទ្ធនាការ បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «បរិច្ចាគឈាម សង្គ្រោះជីវិតិ» ជាលើកទី១ ដែលបានប្រព្រឹត្តទៅ នៅផ្សារហេរីថេកវ៉ក ខេត្តសៀមរាប នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ទទួលបានការ ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តពីនិស្សិត មន្ត្រីរាជការ និងសប្បុរសជនជាច្រើនគួរឱ្យកត់សម្គាល់។

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាពពីសំណាកលោក នាក់ ណេរ៉ុន អភិបាលរង តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តសៀមរាប, អ្នកផលិតមាតិកា និងនិស្សិតប្រមាណ ៣០០នាក់។

លោកស្រី ជឹង សុគន្ធាវី បានថ្លែងថា មូលនិធិ ២៥រៀល របស់វីតាល់ ជានិច្ចកាលតែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រនូវកិច្ចការងារសង្គម ក្នុងនោះគឺមានការងារចុះប្រមូលអំណោយឈាម តាមរយៈការសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ហើយថ្ងៃនេះផ្ទាល់វីតាល់ បានរៀបចំកម្មវិធីបរិច្ចាគឈាមជាលើកទី១ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។

លោកស្រីបានបន្តថា ការបរិច្ចាគឈាមគឺ មិនមានការប៉ះពាល់ដល់សុខភាពនោះទេ តែផ្ទុយទៅវិញ គឺនាំមកនូវសុខភាពល្អ និងផ្ដល់ជាអំណោយសម្រាប់ជីវិត ជូនដល់ជនរងគ្រោះប្រកបដោយក្ដីសង្ឃឹម ដែលមានតម្លៃ ពុំអាចកាត់ថ្លៃបាន ព្រោះឈាមពុំអាចផលិតឡើងរោងចក្របាននោះទេប្រភពតែមួយគត់ ដែលមិនចេះរីងស្ងួត ប្រកបដោយប្រសិទ្ធិភាព សុខសុវត្ថិភាពនោះ គឺការបរិច្ចាគដោយស្ម័គ្រចិត្ត ចេញពីសប្បុរសជនម្នាក់ៗ។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការដ៏ក្លៀវក្លានាថ្ងៃនេះកំណើននៃសប្បុរសជនបរិច្ចាគឈាម នៅខេត្តសៀមរាបនឹងបន្តកើនឡើង ពិេសសកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាខេត្តសៀមរាប ដើម្បីបំពេញស្តុកឈាមសុវត្ថិភាពជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោក នាក់ ណេរ៉ុន បានថ្លែងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ខេត្តសៀមរាប បានដាក់ចេញនូវផែនការអាទិភាពជាច្រើន និងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម និងផ្ដល់កិច្ចសហការលើការពង្រឹងលើកកម្ពស់ សេវាសុខភាព សាធារណៈដល់ប្រជាជន។ ក្នុងនោះការចូលរួមផ្ទាល់ពីវិស័យឯកជន និងសប្បុរសជននានា គឺពិតជាពុំអាចខ្វះបានឡើយ ដើម្បីជម្រុញឱ្យវិស័យសុខាភិបាលនៅក្នុងខេត្តកាន់តែរីកចម្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ លោកបានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែក លើការងារសង្គមដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) តួយ៉ាងកម្មវិធិថ្ងៃនេះ ដែលបានផ្ដួចផ្ដើមរៀបចំផ្សព្វផ្សាយ បំផុសគំនិតនៃចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងការប្រមូលអំណោយឈាមពីសប្បុរសជននៅមូលដ្ឋានខេត្តសៀមរាប។ បន្ថែមពីនេះលោកក៏សូមចូលរួមអំពាវនាវដល់សប្បុរសជនពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនបន្តចូលរួមសកម្មភាព បរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនមែនសម្រាប់តែក្នុងកម្មវិធីថ្ងៃនេះទេប៉ុណ្ណោះទេ តែនឹងបន្តបរិច្ចាគឈាម ដោយស្ម័គ្រជាប្រចាំព្រោះនេះជាកាយវិការមនុស្សធម៌ដ៏មានតម្លៃបំផុតដែលមិនអាចកាត់ថ្លៃ បានសម្រាប់សង្គម និងមនុស្សជាតិរបស់យើង។

គួរបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរសធម៌ និងការចូលរួមលើ សកម្មភាពសង្គមនានា របស់វីតាល់ អាចកើតឡើង មានបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់របស់វីតាល់ផ្ទាល់ ដែលជានិច្ចកាលវីតាល់ បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់ ១ដប មកប្រើប្រាស់ជាមូលធនសម្រាប់ការងារសង្គម។ វីតាល់នឹងបន្តរក្សានូវមូលដ្ឋាន នៃការរៀបចំ និងឧបត្ថម្ភគាំទ្រដល់គ្រប់រូបភាពនៃសកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែកក្នុងការ​ជួយសង្គ្រោះជីវិត​អ្នកជំងឺដែលត្រូវការឈាមនៅតាមស្ថាប័នសុខាភិបាលនានា។ «វីតាល់មោទនភាព ផលិតផលជាតិ»