(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024-25 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើងនូវបន្ទប់ប្រតិបត្តិការវីដេអូ Video Operation Room (VOR) ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងស្ដាតមរតកតេជោ រវាងភាគីពាក់ព័ន្ធខាងកម្ពុជា ជាមួយលោក Kasih Budi Prabowo និងលោក Yossarun Kousurat ក្រុមបច្ចេកទេសរបស់ AFC កាលពីម្សិលមិញ បានឲ្យដឹងថា ការរៀបចំប្រព័ន្ធ VAR និងបន្ទប់សម្រាប់មន្ដ្រីអាជ្ញាកណ្ដាលពិនិត្យវីដេអូ ឬបន្ទប់ប្រតិបត្តិការវីដេអូ VOR នឹងត្រូវរៀបចំដំឡើងដោយផ្ទាល់នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ តែម្ដង ដោយមិនមានការបញ្ជូនរូបភាពទៅពិនិត្យនៅក្រៅប្រទេសទៀតនោះទេ។
គួរដឹងថា ការប្រកួតលក្ខណៈអន្ដរជាតិលើទឹកដីកម្ពុជា កន្លងមកក៏ធ្លាប់ប្រើប្រាស់ VAR រួចជាច្រើនដងមកហើយ ចាប់តាំងពីការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 និងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ជាដើម នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ប៉ុន្ដែកាលនោះ ការត្រួតពិនិត្យវីដេអូ VOR ត្រូវបានបញ្ជូនរូបភាពទាំងអស់ ទៅទីស្នាក់ការរបស់ AFF នៅម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីឲ្យក្រុមមន្ត្រីអាជ្ញាកណ្ដាលជំនាញពិនិត្យ នឹងឆ្លើយតបមកកាន់ប្រទេសកម្ពុជាវិញ។
ប៉ុន្ដែសម្រាប់ប្រតិបត្តិមួយ វាធ្វើឲ្យការពិនិត្យរៀងមានភាពរអៈរអួលបន្តិចបន្ទួច ដោយសារប្រព័ន្ធអ៊ិនធឺណេត មិនសូវរលូនពេលខ្លះ ហើយពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នឹងរៀបចំសម្ភារៈមកដំឡើងផ្ទាល់ទាំងអស់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ខាងមុខនេះតែម្ដង។
គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី រវាងព្រះខ័នរាជស្វាយរៀង និងក្រុម FK Arkadag សម្រាប់ការងារបច្ចេកទេស វីដេអូជំនួយសម្រាប់ក្រុមមន្ដ្រីអាជ្ញាកណ្តាល (VAR) នឹងសហការជាមួយក្រុមហ៊ុនទូរទស្សន៍ BTV News សម្រាប់ការប្រើប្រាស់កាំមេរាផ្សាយផ្ទាល់ទាំងអស់ចំនួន ១០ដើម រួមជាមួយនឹងប្លង់សម្រាប់ពិនិត្យនៅក្នុងពេលប្រកួតផ្ទាល់ផងដែរ៕