(បរទេស)៖ យោងតាមទិន្នន័យពីអ្នកវិភាគទីផ្សារស្មាតហ្វូន IDC បានបង្ហាញថា ក្រុមហ៊ុន Huawei មិនត្រឹមតែគ្រប់គ្រងទីផ្សារស្មាតហ្វូនអេក្រង់បត់ក្នុងប្រទេសចិនតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវ៉ាដាច់គូប្រជែង និងបានបំបែកកំណត់ត្រាការលក់ថែមទៀតផង។ ជាលទ្ធផលកាលពីត្រីមាសទី៤ នៃឆ្នាំ២០២៤ កន្លងទៅបាននាំចេញស្មាតហ្វូនអេក្រង់បត់សរុប ២.៥០៦ លានគ្រឿង និងបានកាន់កាប់ចំណែកទីផ្សារ ៤៨.៦% ខណៈដើមឆ្នាំ២០២៥ នេះកាន់អស្ចារ្យជាងមុនជាមួយនឹងការនាំចេញសរុបឈានដល់ ២.៨៤ លានគ្រឿង និងគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៧៦.៦% តែម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយបន្តដោយ GSMArena នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
ទិន្នន័យរបស់ IDC បានឱ្យដឹងថា ការរីកចម្រើនរបស់ក្រុមហ៊ុន Huawei នៅក្នុងទីផ្សារដែលអាចបត់បានគឺ បានមកពីការចំណាយរបស់អ្នកផលិតផ្សេងទៀត។ ជាក់ស្តែង ក្រុមហ៊ុនចិន Hornor គេឃើញប្រឈមមុខនឹងការធ្លាក់ចុះខ្លាំងជាងគេជាមួយចំណែកទីផ្សារ ២០.៦% កាលពីចុងឆ្នាំ២០២៤ មកនៅត្រឹម ៩.១% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ ខណៈដែល Oppo កាន់កាប់ចំណែកទីផ្សារ ៧.១%, Xiaomi មានចំណែក ២.៦%, Samsung មានចំណែក ២.៤% និងក្រុមហ៊ុនផ្សេងទៀតសរុបត្រឹមតែ ២.៣% តែប៉ុណ្ណោះ។
គួរជម្រាបថា ភាពលេចធ្លោរបស់ Huawei នេះត្រូវបានគេមើលឃើញថា ដោយសារម៉ូដែលល្បីៗដែលទើបនឹងដាក់បង្ហាញនាពេលថ្មីៗនេះរួមមាន Pocket 2 ជាមួយនឹងការដំឡើងកាមេរ៉ា ៤ គ្រាប់ និងមុខងារផ្កាយរណប, Nova Flip កម្រិតមធ្យម, Mate X6 ដែលបំពាក់ដោយបន្ទះឈីប Kirin 5G ថ្មី និង Mate XT tri-fold ជាប្រភេទស្មាតហ្វូនអេក្រង់បត់ ៣ តង់ដ៏ប្រណិតនិងដំបូងគេបំផុត៕