(ឡុងដ៍)៖ ហង្សក្រហម Liverpool ត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ បន្ទាប់ពី Arsenal លេងស្មើ ២-២ ទល់នឹង Crystal Palace យប់មិញ។

បច្ចុប្បន្នក្រុមលោក Arne Slot មាន ៧៩ពិន្ទុ នាំមុខកំពូលតារាង Premier League 2024-25 ដាច់ ក្រោយឆ្លងកាត់ ៣៣ប្រកួតមកនេះ ស្របពេលកាំភ្លើងធំ Arsenal ដែលឈរលេខ២ មានតែ ៦៧ពិន្ទុ លេងបាន ៣៤ប្រកួត។

នេះមានន័យថា Liverpool ដែលបានគ្រងជើងឯកលីគកំពូលអង់គ្លេសចុងក្រោយឆ្នាំ២០២០ ត្រូវតែ ១ពិន្ទុទៀតទេ ដើម្បីលើកពានលីគ ក្នុងរដូវកាលដំបូងរបស់លោក Slot។

អតីតជើងឯកលីគ ១៩សម័យកាល Liverpool នឹងត្រូវប្រកាសជើងឯក Premier League រដូវកាលនេះតែម្តង ប្រសិនបើលេងមិនចាញ់ Tottenham Hotspur នៅរាត្រីថ្ងៃទី២៧ ខែមេសា ក្នុងកីឡដ្ឋាន Anfield របស់ខ្លួន៕