(ភ្នំពេញ)៖ «1st Cycling to promote exercise and support children's health» ជិះកង់ដើម្បីកម្ពុជា ឬ «Cycling for Cambodia» (CFC) គឺជាគណៈកម្មការដែលបានផ្តួចផ្តើមបង្កើតឡើង ដោយម្ចាស់ក្រុមហ៊ុនអាជីវកម្មធំៗ នៅក្នុងខេត្តសៀមរាបរួមមាន ក្រុមហ៊ុនខេមបូឌាសាយក្លីង ខូអិលធីឌី (Cambodia Cycling Co., Ltd) ក្រុមហ៊ុន ចាយ៉ា ខាតធឺរីង និងអ៊ីវែន សឺវីស (Jaya Catering & Event Service) ហាងលក់ និងជួលកង់ អាំង គឹមសាន (Aing Kimsan Bicycle Shop and Rental) និងក្រុមហ៊ុន ចាន់រ៉អ៊ែតវិនឈ័រ (Chanra Adventure) ក្នុងគោលបំណងរៀបចំព្រឹត្តិការណ៍មានឈ្មោះថា ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ដើម្បីផ្សព្វផ្សាយកេរ្តិ៍ឈ្មោះមន្ទីរពេទ្យកុមារអង្គរឲ្យសាធារណៈជនបានស្គាល់ និងដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យ។ ចាប់តាំងពីឆ្នាំ២០១៤មក CFC បានរៀបចំព្រឹត្តិការណ៍ជិះកង់ចំនួន១០ដង រួចមកហើយក្នុងខេត្តសៀមរាប។

ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះ CFC បានពង្រីកព្រឹត្តិការណ៍ជិះកង់នេះជាលើកដំបូង ទៅកាន់ទីក្រុងភ្នំពេញ ដោយមានការជួយជ្រោមជ្រែងសហការរៀបចំ ដោយដៃគូសប្បុរសធម៌ពីក្រុមហ៊ុន KHMER ADSZONE EVENT MANAGEMENT ដែលនឹងប្រព្រឹត្តិឡើងនូវថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥ ដោយរំពឹងអ្នកចូលរួមចន្លោះពី២០០ ទៅ៤០០នាក់។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមប្រារព្ធនៅក្នុងទីធ្លា វត្តមង្គលសេរីគៀន ឃ្លាំង វេលាម៉ោង៥កន្លះព្រឹក ជិះស្របតាមមាត់ទន្លេ ទៅសួនសត្វភ្នំពេញសាហ្វារី សរុបចំងាយផ្លូវជិះគឺប្រមាណជា១៦ គីឡូម៉ែត្រដែលជាទីតាំងបញ្ចប់។ ព្រឹត្តិការណ៍នេះមានការជួបជុំលេងល្បែង កំសាន្តជាក្រុមដើម្បីបង្កើនមិត្តភាព និងបញ្ចប់កម្មវិធីទាំងមូលនៅវេលាម៉ោង១០ព្រឹក ព្រមទាំងផ្តល់ជូនទឹកញ៉ាំ អាហារសម្រន់ រថយន្ដក្រុមពេទ្យសង្គ្រោះបឋមផងដែរ។ លើសពីនេះទៀតយើងមានការថតរូប និង ថតវីឌីអូ ដើម្បីរក្សាទុកជាអនុស្សាវរីយ៍ ក៏ដូចជាចងក្រងជាឯកសារសម្រាប់ការរៀបចំព្រឹត្តការណ៍នៅឆ្នាំបន្តបន្ទាប់។ យើងនឹងចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូប្រពៃណីវប្បធម៌ខ្មែរ ឱ្យបានខ្ជាប់ខ្ជួនដោយតាំងពីចាប់ផ្តើមរហូតដល់ចប់កម្មវិធី។

ព្រឹត្តិការណ៍នេះទទួលចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ តម្លៃចុះឈ្មោះចូលរួម គឺ២០ដុល្លារ (ត្រូវមានកង់ខ្លួនឯង) និងតម្លៃ ៣០ដុល្លារ កម្មវិធីនឹងផ្តល់កង់សម្រាប់ជិះ។ អ្នកចូលរួមនឹងទទួលបានដូចជា អាវយឺតព្រឹត្តិការណ៍១ អាហារសម្រន់ ភេសជ្ជៈ ទឹកពិសារ ការចូលរួមកម្មវិធីកសាងសមត្ថភាពក្រុម (Team Building Game) និងឱកាសទំនាក់ទំនងថ្មីៗផងដែរ។
យើងខ្ញុំជាអ្នករៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកា ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ សូមអំពាវនាវដល់បណ្តាក្រុមហ៊ុនអាជីវកម្ម បងប្អូនសប្បុរសជននានា ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ និងចូលរួមជិះកង់ឲ្យបានច្រើនកុះករ។

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង២០ឆ្នាំ។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា ចាប់តាំងពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរមិនត្រឹមតែផ្តល់នូវសេវាសុខភាព ប្រកបដោយគុណភាព និងជំនាញឯកទេសវិជ្ជាជីវៈខ្ពស់ដល់កុមារកម្ពុជា មន្ទីរពេទ្យក៏មានការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្រ បន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទាំងក្នុង និងនៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។ ជាមន្ទីរពេទ្យអង្គការត្រូវការថវិកាចំនួន៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំដើម្បីដំណើរការ មន្ទីរពេទ្យទាំងមូល។ បច្ចុប្បន្ននេះមូលនិធិរបស់មន្ទីរពេទ្យពឹងផ្អែក ៧០% មកពីជំនួយក្រៅប្រទេស និង៣០% មកពីសប្បុរសជនក្នុងស្រុក ដែលទទួលបានពីការធ្វើកម្មវិធីរៃអង្គាសនានា ទទួលបានពីក្រុមហ៊ុនសាជីវកម្មក្នុងប្រទេស និងពីបុគ្គលឯកជនដែលចូលរួមបរិច្ចាគ ទោះថវិកាតិចក្តីច្រើនក្តី។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ ការឧបត្ថម្ភ និងការចុះឈ្មោះចូលរួម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៨ ៧២៥ ៧៤៥ / ០១៧ ៧២៥ ៧៤៥ (Telegram)៕