(ភ្នំពេញ)៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងនូវហេតុផលធំៗចំនួន ២ ដែលនាំឲ្យក្រុមបាល់ទះវិសាខា មានឱកាសចូលរួមប្រកួត និងការពារជើងឯកពានរង្វាន់ The Win+Steak Volleyball Invitation (WSVI) 2025 នៅកោះតៃវ៉ាន់ ទោះបីវិសាខា ត្រឹមជាជើងឯករង នៃព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់អន្ដរជាតិនេះ មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ ថាប្រហែលមានសំណួរចោទថា ហេតុអ្វីវិសាខា ជាជើងឯករងតេជោលីគ ត្រូវបានបញ្ជូនទៅកោះតៃវ៉ាន់? ដើម្បីស្រាយចម្ងល់នេះ លោកបានលើកហេតុផល ២សំខាន់ៗ ទី១-ការអញ្ជើញផ្ទាល់មកកាន់ក្លិប និងទី២-វិសាខា គឺជាក្លិបបាល់ទះមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ក្នុងចំណោមបណ្ដាក្លិបកម្ពុជា នៅក្នុងតារាងចំណាត់ថ្នាក់(Ranking) របស់សហព័ន្ធកីឡាបាល់ទះពិភពលោក(FIVB)។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បញ្ជាក់ថា សហព័ន្ធគឺជាស្ពានមួយ ដើម្បីបើកផ្លូវឲ្យក្លិបនីមួយៗ ក្នុងប្រទេសកម្ពុជា មានឱកាសស្មើៗគ្នាក្នុងការចូលរួមប្រកួតក្រៅប្រទេស ហើយឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ដោយភាគីតៃវ៉ាន់ បានអញ្ជើញក្លិបបាល់ទះវិសាខា ទៅការពារជើងឯក តាមរយៈសហព័ន្ធ ។ ការអញ្ជើញនេះទៀតសោត គឺពិនិត្យទៅលើចំណាត់ថ្នាក់ពិភពលោក ហើយក្នុងនាមក្លិបដែលបានចុះបញ្ជីក្នុងប្រព័ន្ធ FIVB មុនគេ និងសន្សំពិន្ទុបានច្រើនជាងគេពីការប្រកួតធំៗលើឆាកអន្ដរជាតិ បច្ចុប្បន្នវិសាខា គឺមានចំណាត់ថ្នាក់ក្លិបខ្ពស់ជាងគេនៅកម្ពុជា។
លោកបន្ដថា «ឆ្នាំនេះក៏ដូចគ្នាដែរ ក្រោមការអញ្ជើញទៅការពារជើងឯក។ បច្ចុប្បន្នគេបារម្ភវិញទេ បារម្ភខ្លាចវិសាខា មិនទៅការពារជើងឯក ។ វិសាខា គឺជាក្លិបគោលដៅ ដែលចាំបាច់ត្រូវមាន ព្រោះអត់មានវិសាខា កម្មវិធីហ្នឹង គឺឥតន័យ ។ នេះបញ្ជាក់ថា យើងចាប់ផ្ដើមបំផុសកេរ្ដិ៍ឈ្មោះក្លិបកម្ពុជាយើងឲ្យទៅដល់ចំណុចមួយជំហានទៀត ស្របពេលការប្រកួតឆ្នាំនេះ គេបានអញ្ជើញក្លិបខ្លាំងៗជាងឆ្នាំមុន ជាក់ស្ដែងក្លិបលេខ១ លេខ២ កូរ៉េខាងត្បូង, ក្លិបជើងឯកថ, ក្លិបម៉ាឡេស៊ី ដែលសុទ្ធសឹងជាកីឡាករជម្រើសជាតិរបស់ម៉ាឡេស៊ី និងក្លិបឥណ្ឌូនេស៊ីជាដើម»។
ទន្ទឹមជាមួយគ្នា ដើម្បីធានាបាននូវដំណើរឆ្ពោះទៅការពារជើងឯកនេះ ថ្នាក់ដឹកនាំវិសាខា ក៏បាននាំយកកីឡាករអាជីពមកពីអឺរុប ៤រូប ជួយក្រុម ក្នុងនោះមានកីឡាករបារាំង ៣រូប គឺកីឡាករ Thomas Gill, Titouan Halle និងកីឡាករ François Rebeyrol និងកីឡាករអាល្លឺម៉ង់ Sebastian Rösler ម្នាក់ផងដែរ ។ ហើយក្រៅពីជួយក្រុម វត្តមានរបស់កីឡាករអាជីពទាំង ៤រូប ក៏ត្រូវបានចាត់ទុកជាឱកាសសម្រាប់កីឡាករកម្ពុជា ដកស្រង់បទពិសោធន៍ និងបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួត SEA V.League នាខែកក្កដា និងស៊ីហ្គេម នាចុងឆ្នាំ២០២៥ នេះផងដែរ។
គួរដឹងថា ពានរង្វាន់ The Win Streak Volleyball Invitational 2025 គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ។ សម្រាប់ក្រុមការពារតំណែងជើងឯក វិសាខា របស់កម្ពុជា គឺស្ថិតក្នុងពូលA ជាមួយក្រុមជើងឯកលីគកំពូលកូរ៉េខាងត្បូង Hyundai Capital Skywalkers, ក្រុម MBSA Pelican មកពីម៉ាឡេស៊ី និងក្រុម Taichung Bank របស់តៃវ៉ាន់ ។ រីឯពូលB គឺមានក្រុមម្ចាស់ផ្ទះ Win+Streak របស់តៃវ៉ាន់, ក្រុមឥណ្ឌូនេស៊ី Jakarta Garuda, ក្រុមថៃ Nakhon Ratchasima និងក្រុម Armed Forces មកពីសាធាណរដ្ឋកូរ៉េ៕