(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះជិត៦% នៅថ្ងៃចន្ទសប្តាហ៍នេះ ពោលគឺមួយថ្ងៃមុនរបាយការណ៍ប្រាក់ចំណូលត្រីមាសទី១ ខណៈអ្នកវិភាគព្រួយបារម្ភអំពីម៉ាកយីហោមួយនេះ ដែលធ្លាប់តែល្បីល្បាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
ភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ ស្របពេលដែលនាយកប្រតិបត្តិ Elon Musk ហាក់មមាញឹកជាខ្លាំងជាមួយតួនាទីរបស់លោកនៅក្នុងរដ្ឋបាល Trump។ បន្ទាប់ពីចំណាយប្រាក់ ២៩០លានដុល្លារ ដើម្បីជួយលោក Trump ឲ្យត្រឡប់ទៅសេតវិមានវិញ ឥឡូវនេះ Musk កំពុងដឹកនាំគំនិតផ្តួចផ្តើមដើម្បីកាត់បន្ថយការងារសហព័ន្ធរាប់ម៉ឺននាក់។ នយោបាយ និងសកម្មភាពរបស់ Musk បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងទ្វីបអ៊ឺរ៉ុប និងផ្នែកខ្លះនៃសហរដ្ឋអាមេរិក នៅឆ្នាំនេះ ហើយក្រុមហ៊ុនរបស់លោកបានរងការវាយប្រហារដោយរលកនៃការតវ៉ា ការធ្វើពហិការ និងសកម្មភាពឧក្រិដ្ឋកម្មមួយចំនួនដែលកំណត់គោលដៅលើរថយន្ត និងគ្រឿងបរិក្ខាររបស់ Tesla ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ Musk។
ទាំងនេះសុទ្ធសឹងតែមូលហេតុខ្លះៗ នៃមូលហេតុជាច្រើនដែលធ្វើឲ្យភាគហ៊ុនធ្លាក់ចុះ ជាក់ស្តែង កាលពីដើមខែនេះ ក្រុមហ៊ុន Tesla បានរាយការណ៍ថា ការដឹកជញ្ជូនរថយន្តចំនួន៣៣៦,៦៨១គ្រឿង នៅក្នុងត្រីមាសទីមួយ ធ្លាក់ចុះ ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕