(បរទេស)៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង LG និង Samsung ត្រូវបានគេរាយការណ៍មកថាបានដាក់ពាក្យប្តឹងប្រឆាំងនឹងរដ្ឋាភិបាលឥណ្ឌាឱ្យបញ្ឈប់គោលនយោបាយកែច្នៃសំណល់អេឡិចត្រូនិក (e-waste) ថ្មីរបស់ខ្លួន ដែលកំណត់តម្លៃខ្ពស់ជាងមុននិងតម្រូវឱ្យក្រុមហ៊ុនត្រូវបង់ឱ្យអ្នកកែច្នៃឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
ច្បាប់ថ្មីនេះ តម្រូវឱ្យមានការបង់ប្រាក់អប្បបរមាចំនួន ២២ រូពី (ប្រហែល ០.២៦ សេន) ក្នុងមួយគីឡូក្រាមសម្រាប់គ្រឿងអេឡិចត្រូនិក និង ៣៤ រូពី (ប្រហែល ០.៤០ សេន) ក្នុងមួយគីឡូក្រាមសម្រាប់ស្មាតហ្វូន។ ជុំវិញការកំណត់តម្លៃនេះ ក្រុមហ៊ុនអេឡិចត្រូនិកនិយាយថា វានឹងកើនឡើងប្រហែលបីដងនៃការចំណាយរបស់ពួកគេ ហើយផ្តល់អត្ថប្រយោជន៍ដល់អ្នកកែច្នៃឡើងវិញដោយការចំណាយរបស់ពួកគេ។
ទន្ទឹមនឹងនេះ LG និង Samsung អះអាងថាតម្លៃដែលបានកំណត់ទាំងនេះ គឺខ្ពស់ហួសហេតុ។ Samsung បាននិយាយនៅក្នុងឯកសារតុលាការដែលមានកម្រាស់ចំនួន ៣៤៥ ទំព័ររបស់ខ្លួន និងត្រូវបានមើលឃើញដោយ Reuters ថា «បទប្បញ្ញត្តិនៃតម្លៃ មិនបម្រើគោលបំណងនៃការការពារបរិស្ថានទេ» ហើយថាអត្រាថ្មី គឺខ្ពស់ជាងតម្លៃទីផ្សារបច្ចុប្បន្នពី ៥ ទៅ ១៥ ដងឯណោះ ដែលបណ្តាលឱ្យមានបន្ទុកហិរញ្ញវត្ថុយ៉ាងច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក។ ជាមួយគ្នានេះ ឯកសារមានកម្រាស់ ៥៥០ ទំព័ររបស់ក្រុមហ៊ុន LG ដែលដាក់ទៅតុលាការជាន់ខ្ពស់ទីក្រុង Delhi ក៏បានរិះគន់គោលនយោបាយនេះផងដែរ ដោយអះអាងថាគោលការណ៍នេះ «គ្រាន់តែបញ្ឆោតក្រុមហ៊ុន ហើយយកពន្ធឱ្យពួកគេក្នុងនាម (គោលការណ៍បង់ការបំពុលបរិស្ថាន) ប៉ុណ្ណោះ»។ LG បន្តទៀតថា «ប្រសិនបើ» អាជ្ញាធរមិនអាចគ្រប់គ្រងវិស័យក្រៅផ្លូវការនេះបានទេ នោះវាគឺជាការបរាជ័យក្នុងការអនុវត្ត។
គួរជម្រាបថា ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ជាប្រទេសផលិតកាកសំណល់អេឡិចត្រូនិកធំជាងគេទី ៣ នៅទូទាំងពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ ២០២៣ និង ២០២៤ ឥណ្ឌាបានបង្កើតកាកសំណល់អេឡិចត្រូនិកប្រមាណ ១.៧៥ លានតោន ពោលគឺកើនឡើង ៧៣% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប៉ុន្តែរដ្ឋាភិបាលនិយាយថាមានតែ ៤៣% នៃកាកសំណល់អេឡិកត្រូនិករបស់ប្រទេសឥណ្ឌាដែលត្រូវបានកែច្នៃឡើងវិញកាលពីឆ្នាំមុន ហើយយ៉ាងហោចណាស់ ៨០% នៃវិស័យនេះរួមមានអ្នកចែកចាយសំណល់អេតចាយក្រៅផ្លូវការ។ របាយការណ៍បានគូសបញ្ជាក់ថា សូម្បីតែក្រុមហ៊ុនក្នុងស្រុកដូចជា Daikin, Havells និង Voltas បុត្រសម្ព័ន្ធក្រុមហ៊ុន Tata ក៏បានប្តឹងរដ្ឋាភិបាលរបស់ Modi ផងដែរ៕