(ចិន)៖ ប្រទេសចិន កំពុងធ្វើបដិវត្តកសិកម្មជាមួយនឹងការបង្ហាញត្រាក់ទ័រគ្មានមនុស្សបើក ដំណើរការដោយ 5G, AI និងប្រព័ន្ធផ្កាយរណប។ ត្រាក់ទ័រនេះទៀតសោត គឺមានសមត្ថភាពច្រើនក្នុងការធ្វើកសិកម្មដូចជា អាចភ្ជួរ សាបព្រួស និងច្រូតកាត់ប្រកបដោយភាពត្រឹមត្រូវច្បាស់លាស់ មិនថាក្នុងស្ថានភាពថ្ងៃឬយប់ និងភ្លៀងនោះទេ។
តាមរយៈការរួមបញ្ចូលគ្នានៃការវិភាគទិន្នន័យតាមពេលវេលាជាក់ស្តែង ការសម្របសម្រួលផ្អែកលើអាកាសធាតុ និងការនាំផ្លូវដោយផ្កាយរណបពីក្រុមហ៊ុន Beidou ផងនោះ ត្រាក់ទ័រឆ្លាតវៃនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង កាត់បន្ថយតម្រូវការកម្លាំងពលកម្ម បង្កើនទិន្នផល និងកាត់បន្ថយការបំភាយឧស្ម័ន ខណៈគួរតែមានក្នុងយុគសម័យថ្មីនៃកសិកម្មបែបទំនើប។ ពីភូមិដាច់ស្រយាលរហូតដល់វាលស្រែដ៏ធំ ការធ្វើកសិកម្មដែលជំរុញដោយបច្ចេកវិទ្យារបស់ប្រទេសចិន កំពុងបង្កើតអនាគតនៃផលិតកម្មស្បៀង។
គួរជម្រាបថា ប្រទេសចិនត្រូវបានគេមើលឃើញថា កំពុងជំរុញការច្នៃប្រឌិតផ្នែកកសិកម្មតាមរយៈការបង្កើតឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗ ជាក់ស្តែងដូចត្រាក់ទ័រគ្មានមនុស្សបើកនៅពេលនេះ គឺកាន់តែធ្វើឲ្យវិស័យកសិកម្មទៅមុខមួយកម្រឹតទៀត ដោយវាបានរួមបញ្ចូលគ្នាជាមួយការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI, ការតភ្ជាប់ 5G និងការរុករកផ្កាយរណបរបស់ក្រុមហ៊ុន Beidou ។ ម៉ាស៊ីនដ៏ឆ្លាតវៃនេះ អាចដំណើរការដោយគ្មានការអន្តរាគមន៍ពីមនុស្ស ដូចជាការភ្ជួរ ដាំ និងប្រមូលផល ជាមួយនឹងភាពជាក់លាក់បំផុត ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយតម្រូវការកម្លាំងពលកម្ម និងផលប៉ះពាល់បរិស្ថាន៕