(អេស្ប៉ាញ)៖ កីឡាករវ័យក្មេង Lamine Yamal ត្រូវបានផ្តល់កិត្តិយសក្លាយជាម្ចាស់ពានរង្វាន់ Laureus World Breakthrough of the Year 2025 បន្ទាប់ពីបង្ហាញពីឥទ្ធិពលលើវិស័យបាល់ទាត់ ដែលរូបគេបង្ហាញភាពលេចធ្លោ នឹងបានបង្កើតកំណត់ត្រាជាច្រើនកាលឆ្នាំ២០២៤ ។

ពីការឈ្នះពាននេះ Yamal ក៏ជាប់ភារក្សកិច្ចត្រៀមខ្លួនជាមួយក្រុម FC Barcelona សម្រាប់ការប្រកួតយប់ថ្ងៃអង្គារទល់ក្លិប Mallorca នៅកីឡា Estadi Olimpic ក្នុងលីគអេស្ប៉ាញ La Liga ។

Lamine Yamal ដែលបានរួមចំណែកជួយក្រុមគោជល់អេស្ប៉ាញ ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 បានយកឈ្នះកីឡាការិនី Julen Alfred (អត្តពលកម្ម), ក្លិបបាល់ទាត់ Bayer Leverkusen, កីឡាការិនីហែលទឹក Summer McIntosh, កីឡាករអត្តពលកម្ម Letslie Tebogo និងកីឡាករបាល់បោះ Victor Wembanyama ។

សូមជម្រាបផងថា ពានរង្វាន់ Laureus World Sports Award for Breakthrough of the Year គឺជាពានរង្វាន់ប្រចាំឆ្នាំដែលផ្តល់កិត្តិយសដល់សមិទ្ធិផលរបស់បុគ្គលកីឡាករ ឬក្រុម ដែលធ្វើការសម្រេចបានជោគជ័យនៅក្នុងពិភពកីឡា។ ខណៈត្រូវបានផ្តល់រង្វាន់នេះជាលើកដំបូងក្នុងឆ្នាំ២០០០ ហើយកីឡាករ Jude Bellingham ជាអ្នកឈ្នះកាលឆ្នាំ២០២៤ ៕