(បរទេស)៖ តាមការចេញផ្សាយដោយសារព័ត៌មាន CarNewsChina បានឲ្យដឹងថា ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសចេញរថយន្តប្រភេទ SUVស៊េរីថ្មីរបស់ខ្លួន គឺ Plug-in Hybrid Xiaolong Max AWD ជំនាន់ទី២ ក្រោមម៉ាក Haval ខណៈការចេញលក់នោគឺធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា និងមានតម្លៃ ១៨,០០០ដុល្លារ រហូតដល់ ២៣,៣០០ដុល្លារក្នុងទីផ្សារប្រទេសចិន។

អ្វីដែលធ្វើឲ្យអ្នកតាមដានវិស័យរថយន្តចាប់អារម្មណ៍ខ្លាំងនោះ​គឺរថយន្ត​ថ្មី​នេះ​ ទទួល​បាន​ការ​បញ្ជា​ទិញ​យ៉ាង​ច្រើនរហូតដល់ចំនួន ១៦,៣៦៨គ្រឿង ក្នុងរយៈពេល២៤ម៉ោងដំបូង។ រថយន្តនេះមានជម្រើស ៥ ពណ៌មានពណ៌ white, black, aurora green, forest green, និង gray។ Haval Xiaolong Max PHEV គាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Coffee Pilot Plus ដែលដំណើរការជាមួយនឹងប្រព័ន្ធសែនស័រកាមេរ៉ា រួមជាមួយសែនស័រ millimeter-wave radars ចំនួន ៣គ្រាប់, Ultrasonic Sensor ចំនួន ១២ គ្រាប់ ហើយនឹងសែនស័រកាមេរ៉ាចំនួន៧គ្រាប់។ 

ទោះជាយ៉ាងណា GWM មិនបានបញ្ជាក់ពីរយះចម្ងាយផ្លូវសរុបដែល Haval Xiaolong Max PHEV អាចជិះបាននៅឡើយទេ។ ទៅលើការសាកភ្លើងចូលវិញ Xiaolong Max PHEV គាំត្រការសាកភ្លើងចូលល្បឿនលឿនដោយសាកពី ៣០% ទៅ ៨០% ចាយពេលប្រមាណ ២០នាទីប៉ុណ្ណោះ៕