(ឡុងដ៏)៖ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah បានសម្រេចចិត្តបន្តលេងជាមួយក្លិប Liverpool រហូតដល់ឆ្នាំ២០២៧ ខណៈកិច្ចសន្យាចាស់នឹងផុតកំណត់ចុងបញ្ចប់រដូវកាលនេះ ដោយបានបញ្ចប់ការរំពឹងទុកជាច្រើននៃការចាកចេញពី Anfield នាពេលខាងមុខ, នេះបើតាមក្លិបបានឱ្យដឹងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។
នេះជាការបញ្ចប់ភាពមិនច្បាស់លាស់សម្រាប់ Salah នៃគោលដៅអនាគតរបស់រូបគេ ខណៈកីឡាករវ័យ ៣២ឆ្នាំរូបនេះ ខិតជិតនឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរនៅចុងរដូវកាលនេះ ដែលជាកីឡាករមួយរូបក្នុងចំណោមកីឡាករទាំង ៣នាក់ កំពុងប្រឈមមុខអនាគតមិនច្បាស់លាស់រួមជាមួយ Virgil van Dijk និង Trent Alexander-Arnold ។
Salah បានលើកឡើងទៅកាន់អ្នកគាំទ្រថា «ខ្ញុំចង់និយាយទៅកាន់អ្នកគាំទ្រថា ខ្ញុំពិតជារីករាយណាស់ដែលបាននៅទីនេះ ខ្ញុំបានចុះហត្ថលេខានៅទីនេះ ព្រោះខ្ញុំជឿថាយើងអាចឈ្នះពានរង្វាន់ធំៗជាច្រើនជាមួយគ្នា បន្តគាំទ្រពួកយើង ហើយយើងនឹងផ្តល់ឱ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថានៅពេលអនាគតពួកយើងនឹងឈ្នះពានរង្វាន់បន្ថែមទៀត» ។
មុននឹងការសម្រេចបន្តកិច្ចសន្យាថ្មីជាមួយ Liverpool កីឡាករ Salah ក៏មានរបាយការណ៍ផ្សារភ្ជាប់ជាមួយក្លិបលីគប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ គិតចាប់តាំងពី Al-Ittihad បង្ហាញតម្លៃផ្ទេរប្រមាណ ១៨១លានដុល្លារ ក្នុងឆ្នាំ២០២៣ គ្រាដែលក្រុម PSG ក៏ត្រូវបានគេចាត់ទុកថាជាគោលដៅក្នុងការផ្លាស់ប្តូរដែលអាចកើតមាននៅដើមរដូវកាលនេះ៕