(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក TSMC បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងប្រាក់ចំណូលត្រីមាសទី១ របស់ខ្លួនជាមួយនឹងការកើនឡើង ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
TSMC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ប្រាក់ចំណូលសម្រាប់ខែមករា ដល់ខែមីនា មានចំនួន ៨៣៩.៣ ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល ២៥.៦ ពាន់លានដុល្លារ)។ ចំនួននេះ គឺច្រើនជាងបើធៀបនឹងការប៉ាន់ប្រមាណរបស់ LSEG Smart ដែលព្យាករណ៍ថា នឹងមានប្រហែល ៨៣៥.៧ ពាន់លានដុល្លារតៃវ៉ាន់។
កំណើននេះ ត្រូវបានសន្មតថាដោយសារតែការកើនឡើងនៃតម្រូវការសម្រាប់បន្ទះឈីបបញ្ញាសិប្បនិមិត្ត (AI) ដែលបានជួយទូទាត់នូវការថយចុះនៃតម្រូវការសម្រាប់បន្ទះឈីបអេឡិចត្រូនិករបស់អ្នកប្រើប្រាស់ក្រោយជំងឺរាតត្បាត។ យ៉ាងណាមិញ បើទោះបីជាមានការប្រឈមមុខនឹងបញ្ហាដូចជាការរញ្ជួយដីនៅតៃវ៉ាន់ដែលប៉ះពាល់ដល់ផលិតកម្ម និងបណ្តាលឱ្យមានការខាតបង់ប៉ាន់ស្មានចំនួន ៥.៣ ពាន់លានដុល្លារតៃវ៉ាន់ក៏ដោយ ក៏ TSMC នៅតែត្រូវបានគេមើលឃើញថាបានរក្សានូវទស្សនវិស័យពេញមួយឆ្នាំរបស់ខ្លួន។
គួរជម្រាបថា TSMC គ្រោងរាយការណ៍ពីប្រាក់ចំណូលត្រីមាសទីមួយពេញលេញនៅថ្ងៃទី១៧ ខែមេសា ខាងមុខនេះ រួមទាំងទស្សនវិស័យសម្រាប់ត្រីមាសបច្ចុប្បន្ន និងពេញមួយឆ្នាំផងដែរ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសផ្អាកពន្ធគយ ៩០ថ្ងៃនេះ ភាគហ៊ុនរបស់ TSMC បានកើនឡើងប្រមាណ ៩.៩%ឡើងវិញ៕