(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ បុរី មេគង្គ លែន និងគណៈគ្រប់គ្រងបុរី ព្រមទាំងលោក សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឱ្យអ្នករស់នៅក្នុងសហគមន៍ មេគង្គ លែន បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខកម្មករកម្មការិនីប្រមាណជាង ១,៥០០នាក់ និងរៀបចំកម្មវិធីចែកអំណោយ នៅទីតាំងទាំង ៣គម្រោងរបស់ បុរី មេគង្គ លែន រួមមាន៖ គម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់», គម្រោង «ហ្គោលឌិន អាវិននូ» និងគម្រោង «មេគង្គ ស៊ីធី»។
កម្មវិធីចែកអំណោយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់គ្រប់កម្មករកម្មការិនី ចំពោះការខិតខំប្រឹងប្រែងធ្វើការងារកន្លងមក ដោយអំណោយសម្រាប់ម្នាក់ៗទទួលបាន គ្រឿងឧបភោគ និងបរិភោគមួយចំនួនដូចជា៖ ត្រីខ មី ទឹកក្រូច រួមទាំងថវិកាចំនួន ៤០,០០០រៀល ក្នុងម្នាក់សម្រាប់កម្មករកម្មការិនីទាំងអស់ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយក្រុមគ្រួសារនៅឯស្រុកកំណើតនាពេលឆាប់ៗនេះ។
អ្នកឧកញ៉ា ជាម ឃុនណាត បានមានប្រសាសន៍ដ៏មានអត្ថន័យទៅដល់បងប្អូនកម្មករកម្មការិនីថា៖ «សូមអរគុណដល់ការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងធ្វើការរបស់បងប្អូនដែលជាជាង មេជាង និងកម្មករកម្មការិនីទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យសំណង់របស់យើងមានប្រណីតភាព និងប្រកបដោយគុណភាពខ្ពស់។ អ្នកឧកញ៉ាក៏សូមកោតសរសើរដល់បងប្អូន ហើយបញ្ជាក់បងប្អូនឱ្យដឹងថា ការងារសំណង់នេះ គឺពិតជាមានតម្លៃ ហើយវាជាការងារដ៏លំបាកនឿយហត់មួយដែលត្រូវទទួលការខុសត្រូវខ្ពស់ និងប្រឈមនឹងគ្រោះថ្នាក់ទៀតផង តែបងប្អូននៅតែបន្តខិតខំប្រឹងប្រែង ហើយនោះគឺជាគុណតម្លៃមួយដ៏សំខាន់មិនអាចកាត់ថ្លៃបានទេ។
លើសពីនេះទៀត អ្នកឧកញ៉ា ជាម ឃុនណាត បានបន្ដថា បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។ ថ្ងៃនេះខ្ញុំសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទឹកចិត្តស្មោះស្ម័គ្រ និងដើម្បីបង្ហាញការស្រលាញ់ ដល់បងប្អូន ទាំងអសស់គ្នា បុរី មេគង្គលែន មានអំណោយជាគ្រឿងឧបភោគនិងបរិភោគ រួមទាំងថវិការម្នាក់ ៤ម៉ឺនរៀល ជូនទៅដល់បងប្អូន។
ជាមួយគ្នានេះ លោក សេង ឌីណា ក៏បានបន្ថែមផងដែរថា៖ «ជាដំបូង សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា រាល់ការខិតខំប្រឹងប្រែងបង្កើត នូវសមិទ្ធផលកន្លងមក។ បងប្អូនទាំងអស់គ្នាគឺជាចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យការសាងសង់ក្នុងបុរីទទួលបានគុណភាពល្អ ហើយអ្នកទាំងអស់គ្នា គឺពិតជាមិនអាចខ្វះបានក្នុងសកម្មភាពនៃការសាងសង់ ប្រៀបដូចផ្ទះមួយខ្នងអាចលេចចេញរូបរាងបាន គឺចាប់ផ្តើមពីឥដ្ឋមួយដុំ ស៊ីម៉ង់មួយបាវ ឡើងទៅ។ ហេតុដូចនេះ អ្នកទាំងអស់គ្នាពិតជាសំខាន់មែនទែនក្នុងការរួមចំណែករបស់ បុរី មេគង្គ លែន។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់ គឺជាកម្លាំងស្នូលមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិផងដែរ»។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំមិនដែលខកខាន រាល់ឱកាសបុណ្យជាតិសំខាន់ៗ បុរី មេគង្គ លែន តែងតែគិតដល់សុខទុក្ខ សុខមាលភាពរបស់បុគ្គលិកក៏ដូចជាបងប្អូនកម្មករកម្មការិនី ដោយលោកអគ្គនាយក និងគណៈគ្រប់គ្រងបុរី តែងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនជា ប្រចាំ។ ទន្ទឹមនឹងនេះ លោកអគ្គនាយក បុរី មេគង្គ លែន ក៏បានជូនពរដល់បងប្អូនកម្មករកម្មការិនីទាំងអស់នូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ រីករាយទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ និងធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាព។ បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ៕