(ភ្នំពេញ)៖ ក្រុមហ៊ុន សាន់ & មូន គ្រុប ដែលដឹកនាំដោយកូនខ្មែរ និងជាអ្នកជំនួញដ៏ល្បីមួយរូបនៅកម្ពុជា អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំជូនបុគ្គលិក ដើម្បីជាការថ្លែងអំណរគុណដល់ការលះបង់ និងកិច្ចខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ដែលជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកធ្វើឱ្យសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនេះ ទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ។

ថ្លែងក្នុងពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ២០២៥ របស់ក្រុមគ្រួសារ សាន់ &​ មូន នៅដើមខែមេសានេះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន សាន់ & មូនគ្រុប បានបន្ដណែនាំលើកទឹកចិត្ដដល់បុគ្គលិក បន្ដរក្សានូវឥរិយាបថដ៏ល្អនេះ ដើម្បីឱ្យកេរ្ដិ៍ឈ្មោះរបស់សាន់ & មូន ដែលបង្កើតឡើងដោយកូនខ្មែរនេះកាន់តែលេចធ្លោ និងល្បីល្បាញ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងបន្ដថា «នៅលើទីផ្សារបច្ចុប្បន្ននេះ សាន់ & មូន ជាសណ្ឋាគារមួយដែលទទួលបានការសរសើរជាច្រើនពីសំណាក់អតិថិជននៅក្នុងស្រុកយើង រួមទាំងក្រៅស្រុកផងដែរ ពិសេសល្បីដល់ប្រទេសអូស្ដ្រាលី និងសហរដ្ឋអាមេរិកជាដើម គឺគេមានការសរសើរមិនដាច់ពីមាត់ និងទទួលស្គាល់ថា សណ្ឋាគារ សាន់ & មូន មានបុគ្គលិកល្អ មានអាកប្បកិរិយាល្អ មានការគួរសមរួមរាយរាក់ទាក់ សេវាកម្មល្អជាទីពេញចិត្ដ និងកក់ក្ដៅ ។ពិសេសជាងគេនោះ អតិថិជនគឺជាប់ចិត្ដនឹង គុយទាវនៅសណ្ឋាគារសាន់ & មូន ថាមានរសជាតិឆ្ងាញ់»

ក្នុងឱកាសនោះផងដែរអ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងអរគុណដល់គណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិកនៃគ្រួសារ សាន់ & មូន​ទាំងអស់ ដែលកន្លងមកនេះបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ និងបេះដូង បំពេញការងារបានយ៉ាងល្អប្រសើរផ្ដល់សេវាកម្មជូនអតិថិជនទាំងក្នុង និងក្រៅស្រុក បានជាគាប់ចិត្ដ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង កំពុងតែខិតចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា បានជូនពរដល់ក្រុមគ្រួសារនៃសាន់ &មូន ជួបតែសេចក្ដីសុខចម្រើន និងរុងរឿងជានិរន្ដន៍។

សូមជម្រាបថា ដើម្បីជាការថ្លែងការអរគុណពោរពេញដោយសេចក្ដីស្រលាញ់ និងភាពកក់ក្ដៅ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា បានរៀចំពិធីជប់លៀងប្រចាំនៃក្រុមគ្រួសារ សាន់ & មូន ដោយបានបង្កើតកម្មវិធីអាហារសាមគ្គីមួយដ៏អស្ចារ្យ មានការសម្ដែងសិល្បៈជាក្រុមរបស់បុគ្គលិកសាន់ & មូន, រាំលេងកំសាន្ដយ៉ាងសប្បាយរីករាយ, ហើយក៏មានកម្មវិធីប្រគល់បណ្ណសរសើរ និងប្រាក់រង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំខែ និងប្រចាំឆ្នាំ និង Honesty Award ផងដែរ ពិសេសនោះប្រគល់បណ្ណសរសើរ និងប្រាក់រង្វាន់នៃបុគ្គលិកបម្រើការងារនៅសណ្ឋាគារ ចាប់ពី៥-១០ឆ្នាំ រួមទាំងការចាប់រង្វាន់ផ្សងសំណាងជាច្រើនទៀត ដែលសរុបជាថវិកា ជាង ៣០ម៉ឺនដុល្លារអាមេរិក។

ពិធីជប់លៀងប្រចាំឆ្នាំនៃក្រុមគ្រួសារ សាន់ & មូន ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយស និងបុគ្គលិកនៃគ្រួសារ សាន់ & មូន (សាន់ &មូន រីវើសាយ និងសណ្ឋាគារ សាន់ &​ មូន អឺបិន) ប្រមាណប្រមាណ ៣៧០នាក់។

គួររម្លឹកផងដែរ សណ្ឋាគារ សាន់ & មូន រីវើសាយ​​​​​ មានសាលនិងទីកន្លែងជាច្រើនបែបសម្រាប់ប្រារព្ធកម្មវិធី​ដ៏ទំនើប និងធំទូលាយយ៉ាងប្រណិត រៀបចំឡើងដោយអ្នកជំនាញពិធីការ ដែលប្រាកដបានថាកម្មវិធីរបស់លោកអ្នក នឹងទទួលបានភាពល្អឥតខ្ចោះ។ ក្នុងនោះ Memory Ballroom មានទំហំ ១,០១៣ម៉ែត្រការ៉េ នៃទំហំបរិវេណខាងក្នុង សម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ដ៏ធំស័ក្តិសមក្នុងការទទួលភ្ញៀវបានជាច្រើនអ្នក និងស្ដង់ដា។ សាលនេះមានឆាកបំពាក់ដោយផ្ទាំង LED ធំដ៏ទំនើប មានជញ្ជាំងបែងចែក និងឧបករណ៍លើកទំនិញសម្រាប់វត្ថុធំៗរួមទាំងរថយន្តផងដែរ។

អ្វីដែលកាន់តែពិសេសនោះ គឺលោកអ្នកអាចសន្សំបាននូវការចំណាយលើការដេគ័រផ្កា ដោយសារតែអាគារនៃសណ្ឋាគារលំដាប់ផ្កាយ៥នេះ មានការដេគ័របែបទំនើបថ្លៃថ្នូរ រួមទាំងមានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ ហើយមានការផ្តល់គ្រឿងបរិក្ខារ និងប្រព័ន្ធភ្លើង LED ដ៏ឆ្លាតវៃ។

ទីតាំងខាងលើនេះមានភាពបត់បែនងាយស្រួល ក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍គ្រប់ទម្រង់ បែបប្រពៃណីបុរាណ បែបសម័យទំនើប និងបែបបស្ចឹមប្រទេសក៏ដូចជា កម្មវិធីថ្នាក់ជាតិនិងអន្តរជាតិផ្សេងៗ។

សណ្ឋាគារ សាន់ & មូន រីវើសាយ» (Sun & Moon Riverside) បានបើកសម្ពោធនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា​ចក្រកម្ពុជា ។

ក្នុងឱកាសបើកសម្ពោធនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ផងដែរថា «សណ្ឋាគារ សាន់ & មូន រីវើសាយ» ជាសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញដ៏ស្រស់ត្រកាលរបស់កម្ពុជាយើង ជាមួយនឹងការបើកដំណើរការសណ្ឋាគារដ៏ទំនើប ស្តង់ដារកម្រិតពិភពលោក ដែលនេះមិនត្រឹមតែជាឱកាសអាជីវកម្មដ៏ល្អសម្រាប់ សណ្ឋាគារសាន់ & មូន រីវើសាយ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការលើកមុខមាត់ដល់វិស័យទេសចរណ៍ និងដល់ប្រទេសកម្ពុជាទាំងមូល នៅក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់៕