(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United នាម៉ោង ៧យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ AFC Challenge League 2024/2025 នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
មុនជំនួបដ៏សំខាន់នេះ គ្រូបង្វឹកក្រុមទាំងពីរ រំពឹងថា នឹងមានការប្រកួតប្រជែងខ្លាំង ជាងកាលពីជួបគ្នានៅម៉ុងហ្គោលី ដែលក្រុម Madura United ធ្លាប់បានយកឈ្នះព្រះខ័នរាជស្វាយរៀង ២-១ ក្នុងវគ្គចែកពូល នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានចាត់ទុកជំនួបខាងលើ គឺជាការប្រកួតប្រវត្តិសាស្ដ្រសម្រាប់ក្លិប ក្នុងពានរង្វាន់អន្ដរជាតិនេះ។ យ៉ាងណាជួបលើកនេះ ខុសពីនៅម៉ុងហ្គោលី ព្រោះ Madura បានផ្លាស់ប្ដូរគ្រូថ្មី និងនាំចូលកីឡាករមួយចំនួន ។ ដូច្នេះលោកជឿថា ការប្រកួតនឹងមានភាពលំបាកជាងមុន។
បែបនេះក្ដីលោកនៅតែជឿជាក់លើកូនក្រុម ដែលកំពុងពុះកញ្ជ្រោលសម្រាប់ត្រៀមការប្រកួតនេះ បើទោះបីមានកីឡាករសំខាន់ ២រូប គឺកីឡាករ Matheus Moresche និងកីឡាករ Cristian Roque នឹងត្រូវអវត្តមានក្នុងការប្រកួតនេះក៏ដោយ ។ លោកថា ប្រសិនបើកូនក្រុមលេងទៅតាមផែនការ និងរបៀបលេងរបស់ក្រុម នឹងទទួលបានលទ្ធផលល្អជាពុំខាន។
ដោយឡែកលោក Angel Afredo Vera គ្រូបង្វឹកក្រុម Madura វិញបានលើកឡើងថា កាលពីក្រុមទាំងពីរ ជួបគ្នាក្នុងវគ្គចែកពូល នៅម៉ុងហ្គោលី លោកមិនទាន់ក្លាយជាគ្រូបង្វឹកទេ តែលោកជឿជាក់ថា ការជួបគ្នាយប់នេះ ក្រុមទាំងពីរ នឹងបង្កើនគុណភាពនៃការលេង បន្ទាប់ពីការនាំចូលកីឡាករថ្មីមួយចំនួន ។ ដូច្នេះជឿថា ការប្រកួតនេះ ក្រុមទាំងពីរ នឹងមានគុណភាពនៃការប្រកួតប្រជែងប្រសើរជាងមុន។
គួរដឹងថា ក្រោយជួបក្រុម Madura United ក្នុងដី ព្រះខ័នរាជស្វាយរៀង នឹងមិនបានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះទេ ដោយពួកគេត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ដើម្បីជួបប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១៧ ខែមេសាខាងមុខ ដើម្បីកំណត់ក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2024/2025 ។ ដូច្នេះលោក Pep សង្ឃឹមថា ជំនួបក្នុងដីនៃវគ្គ ១/២ផ្ដាច់ព្រ័ត្រក្នុងដីយប់នេះ នឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្ដក្រុមខ្លួននៅពហុកីឡដ្ឋានជាតិមរតកតេជោ៕