(ឡុងដ៍)៖ លោក Unai Emery អ្នកចាត់ការទូទៅក្លិប Aston Villa បានថ្លែងប្រកបដោយភាពជឿជាក់ថា កូនក្រុមរបស់លោកនឹងនៅតែមានឱកាសវាយបកទម្លាក់ Paris Saint Germain ចេញពី UEFA Champions League 2024-25 នៅពេលលេងជើងទី២ វគ្គ ៨ក្រុមក្នុងទឹកដីអង់គ្លេស។

ក្រុមលេងនៅ Premier League មួយនេះ ត្រូវបានម្ចាស់ផ្ទះ PSG វាយបកឈ្នះ ៣-១ ក្នុងរដ្ឋធានីបារាំងយប់មិញ ពីក្នុងជើងទី១ នៃវគ្គ ៨ក្រុម មុនពេលលេងជើងទី២ នៅទីក្រុង Birmingham រាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ នាកីឡដ្ឋាន Villa Park របស់ពួកគេ។

ជាមួយគ្នានោះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Emery បានថ្លែងប្រកបដោយ «ភាពជឿជាក់នៅកីឡដ្ឋាន Villa Park»

ធាតុពិត Aston បានលេងឈ្នះ ១១ប្រកួត និងស្មើ ៦លើក ក្នុងចំណោម ១៧ប្រកួតក្នុងដីរបស់ពួកគេគ្រប់កម្មវិធីនារដូវកាលនេះ និងមិនទាន់ចាញ់ផងដែរ សម្រាប់ ៥ប្រកួតនៅពានអឺរ៉ុប UCL រដូវកាលនេះទៀតផង។ ពួកគេបានបំបាក់អតីតជើងឯក ៦សម័យកាល Bayern Munich តាំងពីក្នុង League phase ទៀតផង។

លោក Emery បន្តថា «ពួកយើងនឹងមានការប្រកួតប្រជែងដ៏ធំនៅក្នុងដីរបស់យើងនាសប្តាហ៍ក្រោយនេះ ខណៈពួកយើងមានអារម្មណ៍ថាខ្លាំងដោយមានអ្នកគាំទ្រ និងកីឡដ្ឋាន Villa Park របស់យើងផងដែរ។ យើងជឿជាក់ចំពោះអ្នកគាំទ្រ និងទីលាន Villa Park ដែលញាំងឱ្យកីឡាកររបស់ពួកយើង អាចមានទម្រង់លេងដ៏ល្អបំផុតនាសប្តាហ៍ក្រោយ»