(កំពង់ឆ្នាំង)៖ ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ណាល័យទី៤៧ ស្ថិតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពន្លៃ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាន ក្រោមអធិបតីភាពលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ និងមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំស្រុក អាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក លី ផល្លីន អភិបាលរងនៃគណៈអភិបាលស្រុកបរិបូណ៌ មានប្រសាសន៍ថា បណ្ណាល័យនេះផ្តល់ឱកាស ដល់សិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ឃុំពន្លៃរបស់យើង ដើម្បីអាននិងសិក្សាស្រាវជ្រាវ។ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរដែនដី សូមកោតសរសើរ ធនាគារ ខេប៊ីប្រាសាក់ ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ ហេតុនេះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ត្រូវតែរួមគ្នាថែរក្សាធនធានដ៏មានតម្លៃនេះ ហើយសិស្សានុសិស្ស ត្រូវបន្តខិតខំសិក្សារៀនសូត្រដើម្បីអនាគត។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា «យើងខ្ញុំមានសេចក្តីរីករាយ ដែលបានផ្តល់អគារបណ្ណាល័យជូនដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យពន្លៃ។ បណ្ណាល័យនេះ គឺជាឃ្លាំងផ្ទុកនូវចំណេះវិជ្ជាសម្រាប់ក្មួយៗ ក្នុងការស្រូបទាញយកដើម្បីពង្រឹងសមត្ថភាពរបស់ក្មួយៗបន្ថែមទៀត តាមរយៈការអាន និងការស្រាវជ្រាវពីសៀវភៅនានា ដែលបានបំពាក់ក្នុងអគារនេះ។ ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយមកដល់ពេលនេះ ធនាគារ ខេប៊ីប្រាសាក់ បានសាងសង់អគារបណ្ណល័យចំនួន ៤៧ខ្នង រួមទាំងអគារបណ្ណាល័យ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា ក្មួយៗសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងអាន រៀនសូត្រ ដោយប្រើប្រាស់បណ្ណាល័យ ដែលបានផ្តល់ជូននេះឱ្យអស់លទ្ធភាពក្នុងការពង្រឹង និងពង្រីកចំណេះដឹងរបស់ក្មួយៗ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា»

លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសាទរនិងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ធនាគារ ខេប៊ីប្រាសាក់ រួមចំណែកក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអាន និងការសិក្សារបស់សិស្សានុសិស្ស តាមរយៈការសាងសង់អគារបណ្ណាល័យ។ បណ្ណាល័យនេះនឹងរួមចំណែកបណ្តុះធនធានមនុស្សពិតប្រាកដ ដែលជាធនធានដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសយើង។ លោកស្រីបណ្ឌិតសង្កត់ធ្ងន់ថា សិស្សានុសិស្សត្រូវឧស្សាហ៍ព្យាយាមខិតខំរៀនសូត្រ ហើយលោកគ្រូអ្នកគ្រូ ត្រូវបន្តពង្រឹងសមត្ថភាពជំនាញផ្ទាល់ខ្លួនបន្ថែមទៀត តាមរយៈការធ្វើស្វ័យសិក្សាស្រាវជ្រាវដោយខ្លួនឯង ដើម្បីឱ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព។

គិតមកដល់ពេលនេះ គម្រោងបណ្ណាល័យធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យប្រើប្រាស់ចំនួន៤៧ អគារគ្របដណ្តប់លើភូមិចំនួន ៥០៥ភូមិ ដែលមានចំនួនគ្រួសារសរុប ១១០,៩៥១គ្រួសារ មានប្រជាជនសរុបចំនួន ៤៥៤,៥៥៩ នៅក្នុង ១៥ខេត្ត រួមមានកំពង់ស្ពឺ, កំពង់ចាម, កណ្ដាល, ព្រៃវែង, កំពង់ធំ, សៀមរាប, តាកែវ, ព្រះវិហារ, បាត់ដំបង, ស្វាយរៀង, បន្ទាយមានជ័យ, កែប, ពោធិ៍សាត់, ត្បូងឃ្មុំ និងកំពង់ឆ្នាំង ហើយមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ ពីគម្រោងបណ្ណាល័យនេះចំនួន ១៧២,៥៥៤នាក់៕