(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United នារាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ នៅក្នុងវគ្គ ៤ក្រុមចុងក្រោយ សម្រាប់ជើងទី១ នៃព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតខាងលើ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហើបថា ខ្សែប្រយុទ្ធដ៏សំខាន់ ២រូប នឹងអវត្តមានក្នុងជំនួបដ៏សំខាន់នេះ គឺកីឡាករចំណូលថ្មី Matheus Moresche និង Cristian Roque ។ យ៉ាងណាមិញលោកថា មិនមានក្ដីបារម្ភឡើយ ដ្បិតក្រុមមានកីឡាករល្អៗ ដែលអាចជំនួសគ្នាបាន។

លោក Pep បានបញ្ជាក់ថា «កីឡាករ Matheus គាត់មានរបួសកាលពីសប្ដាហ៍មុន ពោលគឺមុនការប្រកួតលីគរបស់យើង ។ ដូច្នេះគាត់ប្រហែលជាសម្រាក ១ ទៅ ២សប្ដាហ៍ ។ មួយទៀត Cristian កាលពីប្រកួតមុន(ប៉ះភ្នំពេញក្រោន) គាត់មានបញ្ហារបួស គាត់ប៉ះទង្គិចលើទីលាន បន្ទាប់ពីឆែកជាមួយគាត់នៅថៃ កាលពីម្សិលមិញ គឺគាត់មិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ ប៉ុន្ដែគ្រាន់តែការប្រកួតនេះ(ជួប Madura ស្អែក) គាត់ប្រហែលមិនទាន់រួចរាល់សម្រាប់ការប្រកួតទេ»

គ្រូបង្វឹកអេស្ប៉ាញដដែលបន្ថែមថា «យើងដឹងហើយថា កីឡាករទាំង ២នាក់នេះ គឺជាកីឡាករសំខាន់សម្រាប់ក្រុមរបស់យើង ប៉ុន្ដែខ្ញុំអត់មានក្ដីបារម្ភអ្វីទាំងអស់ ព្រោះក្នុងក្រុមរបស់យើង សុទ្ធតែមានកីឡាករល្អៗ ហើយពួកគាត់ គឺជាកីឡាករដែលអាចលេងក្នុងការប្រកួតបាន ។ អ៊ីចឹងតាមរយៈកីឡាកររយើងមាន យើងអាចលេងតាមរបៀបយើងលេង ពិសេសការរក្សាបាល់ ហើយការប្រកួតថ្ងៃស្អែក គឺយើងនឹងអាចឈ្នះការប្រកួត នៅពេលយើងមានបាល់»

គួរដឹងថា ក្រោយជួបក្រុម Madura United ក្នុងដី ព្រះខ័នរាជស្វាយរៀង នឹងមិនបានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះទេ ដោយពួកគេត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ដើម្បីជួបប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១៧ ខែមេសាខាងមុខ ដើម្បីកំណត់ក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2024/2025 ។ ដូច្នេះលោក Pep សង្ឃឹមថា ជំនួបក្នុងដីនៃវគ្គ ១/២ផ្ដាច់ព្រ័ត្រស្អែកនេះ នឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្ដក្រុមខ្លួននៅពហុកីឡដ្ឋានជាតិមរតកតេជោ៕